ឪពុកម្ដាយនៅចិន ច្រើនជួបបញ្ហាគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ដោយសារបង្រៀនកូនអត់ចេះ
ឪពុកម្ដាយជាច្រើននៅក្នុងប្រទេសចិន តែងជួបបញ្ហាស្ត្រេសខ្លាំងរហូតដល់ថ្នាក់ចូលពេទ្យសង្គ្រោះបន្ទាន់ ដោយសារបញ្ហាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ព្រោះតែរងសម្ពាធអំឡុងពេលជួយបង្រៀនកិច្ចការផ្ទះដល់កូនៗរបស់ពួកគេ។
ជាក់ស្ដែងនៅដើមឆ្នាំ ២០២៤ នេះ ស្ត្រីម្នាក់ឈ្មោះ Dong អាយុ ៤១ ឆ្នាំ រស់នៅខេត្ត Hangzhou ប្រទេសចិន កើតការខឹងសម្បារខ្លាំង នៅពេលកូនប្រុសរបស់នាងរៀនមេរៀនមិនចេះ បើទោះជានាងខំព្យាយាមពន្យល់យ៉ាងណាក៏ដោយ។ ក្រោយការខឹងខ្លាំងនឹងកូននោះ ស្ត្រីជាម្ដាយកូន ២ រូបនេះ ក៏ចាប់ផ្ដើមមានអាការឈឺក្បាលខ្លាំង រហូតក្អួតចង្អោរ។ នាងក៏ទៅសម្រាកបន្តិច ប៉ុន្តែអាការនៅមិនធូរស្រាល ទើបក្រុមគ្រួសារសម្រេចចិត្តយកនាងទៅមន្ទីរពេទ្យ។ ទៅដល់ពេទ្យ នាងត្រូវបានគ្រូពេទ្យថត CT ហើយក៏រកឃើញថា នាងកើតមានជំងឺដាច់សរសៃឈាមខួរក្បាលស្រួចស្រាវ ដែលអាចបណ្ដាលមកពីការកើតស្ត្រេសរយៈពេលយូរ។
គួរឱ្យដឹងថា ការកើតមានបញ្ហាគាំងបេះដូង ឬ ដាច់សរសៃឈាមខួរក្បាល ខណៈបង្រៀនកូនៗ គឺកាន់តែកើតមានឡើងច្រើនឡើងក្នុងសង្គមនៅប្រទេសចិន។ កាលពីឆ្នាំ ២០១៩ ករណីស្រដៀងគ្នានេះ បានកើតមានឡើងលើស្ត្រីវ័យ ៣៦ ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារខឹងកូនរបស់នាង មិនអាចដោះស្រាយលំហាត់គណិតវិទ្យាបាន។ ដោយឡែក ក្នុងឆ្នាំជាមួយគ្នានោះ បុរសវ័យ ៤៥ ឆ្នាំម្នាក់នៅ ShenZhen កើតមានបញ្ហាគាំងបេះដូង ខណៈជួយកូនធ្វើលំហាត់សាលា។ តាំងពីពេលនោះមក ករណីឪពុកម្ដាយចូលពេទ្យ ក្រោយជួយធ្វើកិច្ចការសាលារបស់កូនៗ ជាពិសេសមុខវិជ្ជាគណិតវិទ្យា ក្លាយជារឿងដែលកើតឡើងជាញឹកញាប់៕