អ្នកណាមិនស្គាល់! អ្នកនាង កន្និដ្ឋា កូនខ្មែរនៅអាមេរិក អ្នកផលិតមាតិកាវិភាគបញ្ហាសង្គមដ៏ល្បី វិភាគរឿងនីមួយៗច្បាស់ៗ ហើយចំចំណុច
បើនិយាយពី The Kanitha Show សឹងតែគ្រប់គ្នាអ្នកលេងបណ្តាញសង្គម ហោចណាស់ក៏ធ្លាប់បានទស្សនាវីដេអូណាមួយរបស់ផេកនេះផងដែរ។ អ្នកនាង កន្និដ្ឋា ត្រូវបានស្គាល់ថាជាម្ចាស់ផេកផ្ទាល់ និង តែងចេញមុខនិយាយផ្ទាល់ ដោយលើកពីប្រធានបទផ្សេងៗចែកនូវចំណេះដឹង ព័ត៌មានថ្មីៗជុំវិញពិភពលោក ជាពិសេសការវិភាគវែកញែកបញ្ហាសង្គម ដែលធ្វើឱ្យគ្រប់គ្នាភ្លឺភ្នែកជាមួយភស្តុតាងស្តែងៗ។
កន្លងមកធ្លាប់តែឃើញមុខ និង ឮសំឡេងនៅលើបណ្តាញសង្គម ចុះតើអ្នកនាង កន្និដ្ឋា ម្ចាស់ផេក The Kanitha Show ជានរណា ហើយតើកំពុងរស់នៅទីណា? ពិតប្រាកដណាស់ វ័យប្រមាណជាង ៣០ ឆ្នាំ អ្នកនាង កន្និដ្ឋា បានចាប់កំណើតនៅទីក្រុងភ្នំពេញ និង ធំដឹងក្តីនៅខេត្តព្រះសីហនុ។ ក្រោយរៀបការក្នុងវ័យខ្ទង់ ២០ ឆ្នាំ អ្នកនាងបានចេញទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកជាមួយស្វាមីដល់សព្វថ្ងៃ។
តាមរយៈវីដេអូកន្លងមក អ្នកនាងចូលចិត្តលើកពីបញ្ហានានាដែលមានប្រយោជន៍ចំពោះសង្គមជាតិ និង ប្រទេសជាតិ។ អ្នកនាងលើកឡើងពីតថភាពពិត និង ស្តែងៗ អមដោយរូបភាព វីដេអូ និង ឯកសារច្បាស់លាស់នៅពេលនិយាយវិភាគអំពីបញ្ហា ឬ បុគ្គលណាសមួយ។ ទន្ទឹមនឹងការវែកញែកដល់ឫសគល់ អ្នកនាងក៏តែងផ្តល់ជាសារ ជាមតិ និង ការរកដំណោះស្រាយសមហេតុផលផងដែរ។
វីដេអូនិយាយច្បាស់ៗ ខ្លីតែខ្លឹម តាមរយៈការតាមដាន និង គាំទ្រកន្លងមក ទំព័រហ្វេសប៊ុក The Kanitha Show មានអ្នក follow ប្រមាណ 1.2 លាននាក់ ចំណែក Channel YouTube មានអ្នក subscribe ប្រមាណ 501K។ វីដេអូនីមួយៗមានអ្នកចុចចូលទស្សនាខ្ទង់រាប់ K (ពាន់) ខ្លះដល់ខ្ទង់ M (លាន) ក៏មាន៕