ថ្មីចែស! ទៅសម្ភាសការងារ ម្តាយតាមទៅជាមួយហើយនៅឆ្លៀតឆ្លើយជំនួស ចុងក្រោយកូនសម្ភាសធ្លាក់ ម្តាយខឹងគំរាមប្តឹង HR
ថ្មីៗនេះ ការបង្ហោះមួយលើវិបសាយចិន Xiao Hong Shu (RED) កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនៅចិន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយស្ត្រីម្នាក់ដែលធ្វើការជា HR ប្រចាំក្រុមហ៊ុនមួយកន្លែង បានចែករំលែកបទពិសោធដ៏ហួសចិត្តមួយរបស់នាង ជាមួយនឹងអ្នកមកសម្ភាសការងារម្នាក់ដែលបាននាំម្ដាយរបស់គេមកជាមួយ។
តាមការរៀបរាប់ នាងបានឱ្យដឹងថា ដំបូងឡើយនាងគិតថា ស្ត្រីជាម្ដាយនោះគ្រាន់តែមកដើម្បីលើកទឹកចិត្តកូន ដែលចូលមកសម្ភាសការងារប៉ុណ្ណោះ។ នាងក៏បានរៀបចំជាអាហារសំរន់ ក៏ដូចជាភេសជ្ជៈមួយចំនួនជូនគាត់ អំឡុងពេលអង្គុយរង់ចាំកូនចូលសម្ភាសនោះ។ យ៉ាងណាការគិតគឺខុសទាំងស្រុង ព្រោះថាស្ត្រីរូបនោះគឺមិនមែនគ្រាន់តែមកអង្គុយចាំកូនប៉ុណ្ណោះទេ តែថែមទាំងចង់ចូលទៅជាមួយកូនពេលសម្ភាសថែមទៀត។
ស្ត្រីជា HR បានពន្យល់ប្រាប់ទៅគាត់ដោយការគួរសមថា ក្នុងបន្ទប់សម្ភាសគឺអនុញ្ញាតឱ្យតែអ្នកសម្ភាស និង អ្នកត្រូវគេសម្ភាសចូលប៉ុណ្ណោះ តែស្ត្រីរូបនោះនៅតែចចេសថា គាត់សុំចូលដែរ ដោយមិនរំខានអ្វីឡើយ។ ដោយមិនចង់ឱ្យមានរឿងរញ៉េរញ៉ៃច្រើន និង មិនមានជម្រើស ក៏ព្រមឱ្យស្ត្រីនោះចូលទៅ ដោយគ្រាន់តែសង្កត់បញ្ជាក់ប្រាប់គាត់បន្ថែមថា គាត់អាចចូលបាន ប៉ុន្តែហាមលូកមាត់រំខានពេលដែលកំពុងសម្ភាសឱ្យសោះ។
យ៉ាងណាមិញ អ្វីដែលគិតទាំងប៉ុន្មានគឺកើតឡើងទាំងអស់ អំឡុងពេលកំពុងសម្ភាស ស្ត្រីរូបនោះនៅមិនស្ងៀមនោះឡើយ បានលូកមាត់ជួយឆ្លើយឱ្យកូនប្រុស ថែមទាំងលើកសរសើរពីកូនប្រុសបែបនេះបែបនោះ ធ្វើឱ្យអ្នកសម្ភាសហួសចិត្តជាខ្លាំង។ ដោយឡែក ការជួយយឹតយោងកូនក្នុងបំណងល្អរបស់គាត់ បែរជាទាញទម្លាក់កូនទៅវិញ ដោយប៉ុន្មានថ្ងៃក្រោយ ខាង HR បានទាក់ទងមកកូនប្រុសគាត់ថា រូបគេបានធ្លាក់ការសម្ភាសហើយ។
ឃើញកូនមិនជាប់បែបនេះ ស្ត្រីជាម្ដាយគឺមិនសប្បាយចិត្តនោះឡើយ ថែមទាំងខឹងខ្លាំង រហូតទាក់ទងទៅខាង HR ស្ដីឱ្យថានាងឈ្លើយ និង គំរាមប្ដឹងថែមទៀត។ យ៉ាងណា ខាង HR ហាក់មិនខ្វល់ខ្វាយនឹងម៉ែកូនទាំងពីរនេះឡើយ ដោយបញ្ឈប់ការទាក់ទងនិយាយបកស្រាយអ្វីទាំងអស់៕