អស្ចារ្យបំផុត! អាមេរិក វះកាត់ប្ដូរដាក់ក្រលៀនជ្រូកលើអ្នកជំងឺ បានជោគជ័យជាលើកដំបូង
ក្រុមគ្រូពេទ្យផ្នែកវះកាត់នៅមន្ទីរពេទ្យនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានជោគជ័យលើការវះកាត់ប្ដូរដាក់ក្រលៀនជ្រូកលើអ្នកជំងឺម្នាក់ ដែលនេះចាត់ទុកជាជោគជ័យដ៏ធំបំផុតមួយ ដែលនឹងអាចជួយអ្នកជំងឺរាប់ពាន់នាក់ផ្សេងទៀត កំពុងជួបបញ្ហាខូចក្រលៀនដូចគ្នា។
តាមការបញ្ជាក់ពីខាងមន្ទីរពេទ្យបានឱ្យដឹងថា ក្រុមគ្រូពេទ្យនៅផ្នែកវះកាត់ទូទៅ បានធ្វើការវះកាត់រយៈពេល ៤ ម៉ោង ក្នុងការប្ដូរដាក់ក្រលៀនសត្វជ្រូកដែលគេបានកែប្រែហ្សែនរួចទៅលើអ្នកជំងឺ។ ការវះកាត់គឺទទួលបានជោគជ័យ ដោយអ្នកជំងឺគឺធូរស្រាលច្រើន នឹងរំពឹងថាអាចត្រឡប់ទៅផ្ទះរបស់គេវិញឆាប់ៗខាងមុខនេះ។
តាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Tatsuo Kawa ប្រធាននៃ Legorreta Center for Clinical Transplant Tolerance ប្រចាំមន្ទីរពេទ្យ Massachusetts (MGH) បានឱ្យដឹងថា៖ «ជោគជ័យលើការវះកាត់ប្ដូរសរីរាង្គនេះ គឺរួមចំណែកនៃការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យរាប់ពាន់នាក់ ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។ ក្ដីសង្ឃឹមរបស់យើងដែលទទួលបានពីការវះកាត់នេះ គឺសង្ឃឹមថានឹងអាចជួយដល់ជីវិតអ្នកជំងឺរាប់លាននាក់ផ្សេងទៀតលើពិភពលោក ដែលកំពុងប្រឈមនឹងជំងឺខូចក្រលៀន»។
គួរឱ្យដឹងថា ការវះកាត់ប្ដូរដាក់ក្រលៀនជ្រូកនេះ បានធ្វើឡើងលើអ្នកជំងឺម្នាក់ឈ្មោះ Richard Slayman អាយុ ៦២ ឆ្នាំ ដែលរូបលោកបានរស់នៅជាមួយជំងឺខូចក្រលៀនដំណាក់កាលចុងក្រោយរាប់ឆ្នាំហើយ។ នៅពេលលោកផ្ដើមដឹងថាខ្លួនឯងខូចក្រលៀន លោកត្រូវបានតម្រូវឱ្យទទួលការលាងឈាមជាប្រចាំរយៈពេល ៧ ឆ្នាំ ដោយក្រោយមកក្នុងឆ្នាំ ២០១៨ ក៏ទទួលបានឱកាសផ្លាស់ប្ដូរក្រលៀន។ យ៉ាងណាមិញ មកដល់ខែឧសភា ឆ្នាំ ២០២៣ លោកក៏មកត្រូវទទួលការលាងឈាមជាថ្មី ដោយសារតែក្រលៀនដែលលោកប្ដូរនោះ លែងដំណើរការ។ ក្នុងការលាងឈាមនោះដែរ លោកក៏ជួបប្រទះបញ្ហាសុខភាពជាច្រើនទៀត រួមមានទាំងបញ្ហាឈាមកកមួយចំនួន ដែលតម្រូវឱ្យលោកត្រូវសម្រាកនៅមន្ទីរពេទ្យ និងទទួលការវះកាត់។
ដោយឡែក ក្រោយទទួលជោគជ័យលើការវះកាត់ប្ដូរក្រលៀនថ្មីដែលជាក្រលៀនជ្រូកនេះដែរ លោក Slayman គឺធូរស្បើយពីជំងឺបានលឿន ដោយក្រលៀនថ្មីនោះអាចផលិតទឹកនោមបាន និងលោកមិនចាំបាច់ត្រូវលាងឈាមបន្តទៀតនោះទេ ហើយថែមទាំងអាចដើរខ្លួនឯងបាននៅជុំវិញពេទ្យទៀតផង៕