ស្អាតក្រៃលែង! ទិដ្ឋភាពសមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាំភ្ញៀវទេសចរ ឈរចាំទស្សនាកកកុញ
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ព្រឹត្តិការណ៍សមរាត្រីម្ដងៗ គេឃើញថា ភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិ បាននាំគ្នាក្រោកពីព្រលឹមស្រាងៗ ដើម្បីទៅប្រជ្រៀតគ្នារង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតក្រៃលែង គឺថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប។
Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយ ដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ដោយលើកទី ១ នៅក្នុងខែមីនា និង លើកទី ២ នៅខែកញ្ញា ចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ៣ ដោយព្រឹត្តិការណ៍នេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងគ្នាជាមួយនឹងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលជាហេតុជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករឱ្យមកទស្សនា។
យ៉ាងណាមិញ យោងតាមការបង្ហោះរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នេះ បានបង្ហាញឱ្យឃើញពីទិដ្ឋភាពភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករ នាំគ្នាចូលរួមទស្សនា និង ផ្តិតយករូបភាព នៃព្រឹត្តិការណ៍សមរាត្រី (ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត) នៅទឹកដីខេត្តសៀមរាប៕
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប