មនុស្សម្នាចោមរោមថតព្រាត! Godzilla ត្រូវតែងតាំងជាមេប៉ូលិស ដើរផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅជប៉ុន
មុនពេលយុទ្ធនាការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ជាតិ ធ្វើឡើងនានិទាឃរដូវខាងមុខនេះ បិសាច Godzilla ត្រូវបានតែងតាំងឡើងឱ្យធ្វើជាមេប៉ូលិសគំរូមួយថ្ងៃ ដើរតាមដងផ្លូវក្នុងស្រុក Ikebukuro ក្រុងតូក្យូ ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ក្នុងប្រទេស។
កម្មវិធីមួយនេះដែរ ត្រូវបានរៀបចំឡើងដោយស្ថានីយប៉ូលិស Ikebukuro ប្រចាំនាយកដ្ឋានប៉ូលិសក្រុងតូក្យូ មុនពេលយុទ្ធនាការសុវត្ថិភាពចរាចរណ៍ជាតិ ចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ។ ក្រោយពិធីសម្ពោធបើកកម្មវិធីធ្វើចប់រួចរាល់ តួអង្គបិសាច Godzilla ត្រូវបានគេបំពាក់ឆៀងមួយដែលមានសរសេរថា «មេប៉ូលិសក្នុងមួយថ្ងៃ» ដើរដង្ហែតាមដងផ្លូវប្រមាណ ២០០ ម៉ែត្រ ដោយមានឡានប៉ូលិសបើកផ្លូវនាំមុខ។
ក្បួនដង្ហែនេះដែរ បានធ្វើឱ្យមហាជន និង អ្នកដំណើរតាមដងផ្លូវជាច្រើន នាំគ្នាមកឈរមើលព្រោងព្រាត ដោយអ្នកខ្លះលើកដៃក្រវី ខណៈអ្នកខ្លះទៀត បានទាញទូរស័ព្ទមកថតទិដ្ឋភាពដ៏ទាក់ទាញមួយនេះ៕