វ័យទើប ២៨ ឆ្នាំ តែចូលចិត្តដើរផ្សងព្រេងឆ្ងាយៗ រហូតបាក់សម្រស់ដូចស្ត្រីវ័យ ៥០ ឆ្នាំ
កាលពីប៉ុន្មានឆ្នាំមុន មាននារីចិនវ័យក្មេងម្នាក់ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយរូបនាងបានសម្រេចចិត្តធ្វើដំណើរផ្សងព្រេងពីខេត្ត Sichuan ទៅកាន់តំបន់ Tibet។ យ៉ាងណាមិញ ថ្មីៗនេះ រូបនាងបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាថ្មី ដោយសារតែរូបរាងរបស់នាងផ្លាស់ប្ដូរខ្លាំង ក្នុងរយៈពេលដើរផ្សេងព្រេងអស់ ៣ ឆ្នាំមកនេះ។
រូបភាពរបស់នាង ត្រូវបានគេថតបាន ពេលជួបនៅតាមផ្លូវ ដោយរូបភាពនោះត្រូវបានគេបង្ហោះលើបណ្ដាញសង្គម ហើយក៏មានមតិលើកឡើងជាច្រើនថា ពួកគេមើលនាងមិនស្គាល់ឡើយ បើទោះអាយុត្រឹម ២៨ ឆ្នាំ តែនាងឥលូវមុខប្រៀបដូចជាស្ត្រីអាយុ ៥៨ ឆ្នាំ។ ជាការឆ្លើយតបទៅនឹងការប្រែប្រួលមុខមាត់នេះដែរ នាងបានឱ្យដឹងថា ការដើរក្នុងផ្លូវឆ្ងាយ បានធ្វើឱ្យស្បែករបស់នាងប្រែជាខ្មៅ ហើយសក់ដែលធ្លាប់តែវែង ក៏ប្រែទៅជាខ្លី ស្ងួតគ្មានជីវិតជីវ៉ាបែបនេះ។
នាងបានឱ្យដឹងទៀតថា៖ «យ៉ាងណា ខ្ញុំមិនដែលខ្វាយខ្វល់ពីរូបរាងខ្លួនឯងឡើយ ឱ្យតែខ្ញុំមានសុខភាពល្អ គឺគ្រប់គ្រាន់ហើយ។ ឥលូវនេះ ខ្ញុំមានសុខភាពល្អណាស់»។ នាងបានបន្ថែមទៀតថា នាងជឿជាក់ប្រសិនបើនាងឈប់ដើរនោះ ស្បែករបស់នាងនឹងប្រែមកជាសវិញ។
គួររំឭកថា នារីក្លាហានរូបនេះ ដែលមកពីខេត្ត Hubei បានចាប់ផ្ដើមការដើរផ្សងព្រេងដំបូង តាំងពីរដូវកាលផ្ទុះកូវីដ-១៩ មកម្ល៉េះ។ ដើម្បីគេចពីការឆ្លងរោគ ក្នុងរដូវក្ដៅឆ្នាំ ២០២១ នាងបានសម្រេចចិត្តដើរពីក្រុង Guangzhou ទៅកាន់ស្រុកកំណើតរបស់នាង ដែលមានចម្ងាយជាង ១ ពាន់គីឡូម៉ែត្រ ដោយនាងត្រូវចំណាយពេល ២ ខែទម្រាំទៅដល់។
រយៈពេលប៉ុន្មានខែក្រោយ នាងក៏សម្រេចចាកចេញពីស្រុកកំណើតតាមផ្លូវនៃខេត្ត Sichuan ទៅទីបេ ដោយពេលនោះ នាងចំណាយពេលជាង ១ ឆ្នាំ ហើយក៏ទៅដល់ Potala Palace ក្នុងតំបន់ Lhasa នៃដែនដីទីបេ។ សម្រាប់ឆ្នាំនេះវិញ នាងបានបន្តដំណើរផ្សងព្រេងចាប់ពីខែមករាមក ចេញពីក្រុង Chongqing-Yunnan-ទីបេ។ ក្រោយដើរបានជាង ២ ខែ ឥលូវនាងក៏ទៅដល់ Shangri-La ខេត្ត Yunnan។ គួរឱ្យដឹងដែរថា សម្រាប់ចំណូលរបស់នាង គឺរកបានតាមរយៈការ live វីដេអូ ដោយខែខ្លះ នាងអាចរកបាន ១ ម៉ឺនយ័ន (ជាង ១៣០០ ដុល្លារ) ប៉ុន្តែភាគច្រើន នាងអាចរកបានត្រឹមប៉ុន្មានពាន់យ័នប៉ុណ្ណោះ៕