កុំភ្លេចណាត់គ្នាទៅ! ឥលូវនេះ ខេត្តសៀមរាបរៀបចំស្រស់ស្អាតណាស់ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដើរកម្សាន្តក្នុងពិធីបុណ្យទន្លេ
នៅថ្ងៃទី ១៥-១៦-១៧ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ពិធីបុណ្យទន្លេលើកទី ៨ នឹងរៀបចំឡើងនៅទឹកដីអង្គរខេត្តសៀមរាប។ បើតាមរដ្ឋបាលខេត្តសៀមរាបដែលជាម្ចាស់ផ្ទះបានឱ្យដឹងថា ក្រសួងទេសចរណ៍ និង ក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីបុណ្យទន្លេលេីកទី ៨ ឆ្នាំ២០២៤ ដែលមានរយៈពេលបីថ្ងៃដែលនឹងប្រារព្ធនៅតាមបណ្តោយស្ទឹងសៀមរាប។
ខណៈដែលកៀកថ្ងៃកម្មវិធី គេឃើញរដ្ឋបាលខេត្តសៀមរាបបានរៀបចំតុបតែងកែលម្អសោភ័ណភាពក្រុងយ៉ាងស្រស់ស្អាត ដោយមានការបំពាក់ភ្លើងពណ៌ រៀបចំទីតាំងកម្សាន្ត និង ស្តង់លក់ទំនិញជាច្រើនដេីម្បីទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទស្សនាក្នុងពិធីបុណ្យទន្លេលេីកទី ៨ នាទឹកដីអច្ឆរិយកម្ពុជាខេត្តសៀមរាប។
ក្នុងនោះតាមរយៈគណនីហ្វេសប៊ុកផេកផ្លូវការនៃរដ្ឋបាលខេត្តសៀមរាប បានចេញមកបង្ហោះរូបភាពជាច្រើនសន្លឹកដែលកំពុងតែបំពាក់ និង តុបតែងភ្លើងពណ៌តាមដងផ្លូវដែលបានលើកសម្រស់ទីក្រុងមួយនេះឱ្យកាន់តែស្រស់ស្អាតបន្ថែមមួយកម្រិតទៀត។ គួរបញ្ជាក់ផងថា បុណ្យទន្លេគឺជាពិធីបុណ្យមួយដែលតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់ដល់វិស័យទេសចរណ៍ខ្មែរពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ៕