ញាក់សាច់! ប្រទេសអារ៉ាប់ អាចចាយលុយ ៥ ពាន់លានដុល្លារ សាងសង់អគារកម្ពស់ ២ គីឡូម៉ែត្រ លើស Burj Khalifa ២ ដង
ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងនឹងសាងសង់អគារខ្ពស់ (skyscraper) កម្ពស់ ២ គីឡូម៉ែត្រ នៅលើទីតាំងជិតព្រលានយន្តហោះ King Khalid ក្រុង Riyadh នេះបើតាមការចេញផ្សាយរបស់ Architechs’ Journal។ គម្រោងសាងសង់អគារដ៏ខ្ពស់បំផុតនេះ គឺជារបស់ក្រុមហ៊ុន Foster+Partners រួមសហការជួយដោយ Public Investment Fund (PIF) ប្រចាំប្រទេស។
តាមការឱ្យដឹង អគារមួយនេះ នឹងមានកម្ពស់លើសអគារ Burj Khalifa នៅក្រុងឌូបៃ ២ ដង ដោយ Burj Khalifa មានកម្ពស់ ៨២៨ ម៉ែត្រ បញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១០ កន្លងទៅ និង បច្ចុប្បន្នជាប់តំណែងជាអគារខ្ពស់ជាងគេបំផុតលើពិភពលោក។
យោងតាមប្រភពអនាមិកខ្លះ បានឱ្យដឹងថា ក្រុមហ៊ុនស្ថាបត្យកម្មមួយចំនួនរួមមាន Skidmore, Owings and Merrill ដែលជាអ្នកចេញម៉ូដអគារ Burj Khalifa ក៏បានចូលរួមសហការក្នុងការច្នៃម៉ូដឱ្យអគារថ្មីនេះផងដែរ។ គួរឱ្យដឹងដែរថា តាមការប្រមាណ អគារថ្មីនេះ អាចចាយប្រាក់រហូតដល់ ៥ ពាន់លានដុល្លារ៕