ភ្ញាក់ផ្អើល! បុរសម្នាក់ ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ទៅ ២១៧ ដង តែគ្មានប្រតិកម្មអ្វីសោះ
តាមការសិក្សាដែលចេញផ្សាយដោយ Lancet Infectious Diseases បានឱ្យដឹងថា បុរសសញ្ជាតិអាល្លឺម៉ង់ម្នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២១៧ ដង ក្នុងរយៈពេល ២៩ ខែ ប៉ុន្តែមិនមានបង្ហាញសញ្ញាពីការប្រតិកម្មថ្នាំនោះឡើយ។
បុរសវ័យ ៦២ ឆ្នាំម្នាក់ មកពីក្រុង Magdeburg ប្រទេសអាល្លឺម៉ង់ បាននិយាយថា រូបលោក បានទទួលការចាក់វ៉ាក់សាំងក្នុងចំនួនច្រើនបែបនេះ ដោយសារតែមានមូលហេតុផ្ទាល់ខ្លួន ប៉ុន្តែលោកមិនបានទម្លាយលម្អិតថា មូលហេតុនោះគឺជាអ្វីនោះទេ។
អ្នកវិទ្យាសាស្ត្រមកពីសាលា University of Erlangen-Nuremberg បានដឹងពីករណីបុរសរូបនេះ តាមការចេញផ្សាយអត្ថបទមួយ ហើយក៏បានធ្វើការស្នើសុំគាត់ ថាពួកគេអាចសិក្សាលើប្រតិកម្មរាងកាយ ក្រោយទទួលការចាក់វ៉ាក់សាំងច្រើនដូសបែបនេះបានឬអត់។ បើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Kilian Schober បាននិយាយថា៖ «ក្រោយមក ពួកយើងបានទាក់ទងទៅគាត់ និង អញ្ជើញគាត់ឱ្យចូលរួមក្នុងការធ្វើតេស្តរាងកាយនៅ Erlangen។ គាត់យល់ព្រមទាំងក្ដីរីករាយ»។
យ៉ាងណាមិញ បើទោះបីជាបុរសខាងលើ បានអះអាងថា គាត់បានចាក់វ៉ាក់សាំងចំនួន ២១៧ ដងក្ដី ប៉ុន្តែខាងក្រុមស្រាវជ្រាវ បានរកឃើញថា គាត់ទទួលការចាក់វ៉ាក់សាំងចំនួន ១៣៤ ដង ដោយក្នុងនោះរួមមានវ៉ាក់សាំងចំនួន ៨ ប្រភេទផ្សេងៗគ្នា។ ក្រុមស្រាវជ្រាវ ក៏បានសិក្សាលើលទ្ធផលតេស្តឈាមរបស់គាត់ មុន និង ក្រោយការចាក់វ៉ាក់សាំងផងដែរ។
តាមការរៀបរាប់បញ្ជាក់ពីលោកវេជ្ជបណ្ឌិត Schober បានឱ្យដឹងថា៖ «ពួកយើងរកមិនឃើញមានផលប៉ះពាល់ក្រោយការចាក់វ៉ាក់សាំងឡើយ។ ប្រព័ន្ធភាពស៊ាំរបស់គាត់ គឺនៅធម្មតា ប៉ុន្តែកោសិកាភាពស៊ាំខ្លះ និងអង្គបដិប្រាណប្រឆាំងនឹងជំងឺ SARS-CoV-2 ក្នុងខ្លួនគាត់ គឺមានកំហាប់ខ្ពស់ជាងអ្នកដែលទទួលការចាក់វ៉ាក់សាំងត្រឹម ៣ ដូស»៕