ឃើញសាមញ្ញៗ តែឈុតរបស់ Mark Zuckerberg និងភរិយា ពាក់ស៊ីការកូនមហាសេដ្ឋីឥណ្ឌា ថ្លៃអស់ស្ទះ
ដូចដែលប្រិយមិត្តមួយចំនួនបានដឹងមកហើយថា លោក Mark Zuckerberg គឺជាមហាសេដ្ឋីមួយរូប ក្នុងចំណោមមហាសេដ្ឋីមួយចំនួន ដែលចូលចិត្តប្រើជីវិតរស់នៅក្នុងភាពសាមញ្ញ និង ជាពិសេសនោះគឺការស្លៀកពាក់តែម្ដង គឺលោកល្បីល្បាញបំផុតចំពោះការចូលចិត្តពាក់តែអាវយឺតពណ៌ប្រផេះ និង ខោខូវប៊យ។
ដោយឡែកថ្មីៗនេះ ថៅកែក្រុមហ៊ុន Meta រូបនេះ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែរូបលោកបានតុបតែងខ្លួនប្លែកទាក់ទាញ ដឹកដៃភរិយាចូលរួមពិធីមង្គលការកូនប្រុសរបស់មហាសេដ្ឋីម្នាក់នៅប្រទេសឥណ្ឌា។ ឈុតទាំងប៉ុន្មានដែលលោក Mark Zuckerberg និង ភរិយា ពាក់ចូលរួមកម្មវិធីមង្គលលំដាប់អភិជននោះ បើក្រឡេកមើលមួយភ្លែតដូចជាសាមញ្ញៗ ប៉ុន្តែពោរពេញដោយភាពទាក់ទាញ ចំណែកឯតម្លៃវិញនោះ គឺថាថ្លៃមិនធម្មតានោះឡើយ។
ក្នុងយប់ជប់លៀងដំបូង លោក Mark និងភរិយា ស្ថិតក្នុងឈុតគូ ដែលជាឈុតរបស់ Alexander McQueen។ ឈុតរបស់លោក Mark គឺជាឈុតពណ៌ខ្មៅ ដោយអាវមានប៉ាក់រូបកន្ទុំរុយ ចំណែកភរិយា ស្ថិតក្នុងរ៉ូបវែងពណ៌ខ្មៅ មានប៉ាក់រូបផ្កាកូលាបដ៏ធំចំនួន ២។ តាមព័ត៌មានបានឱ្យដឹងថា អាវមានប៉ាក់រូបកន្ទុំរុយដែលលោក Mark ពាក់នោះ គឺមានតម្លៃដល់ ៧ ពាន់ដុល្លារ ខណៈរ៉ូបពណ៌ខ្មៅរបស់ភរិយាលោក មានតម្លៃ ១៥ ០០០ ដុល្លារ។
ងាកមកពិធីជប់លៀទី ២ វិញ លោក Mark Zuckerberg បានជ្រើសរើសអាវមានពណ៌ស្រស់ និង លេចធ្លោជាងមុន ដោយអាវរបស់លោកមានលម្អទៅដោយរូបផ្កាឈូក និង សត្វខ្លា ដែលជាស្នាដៃរបស់អ្នកច្នៃម៉ូដឥណ្ឌា Rahul Mishra។ ចំណែកភរិយាលោក គឺស្ថិតក្នុងរ៉ូបយ៉ាងសាមញ្ញក្រឡាសត្វខ្លា។ ចំពោះតម្លៃវិញ ឈុតគូមួយនេះ គឺខាងវិបសាយរបស់លោក Mishra មិនបានទម្លាយនោះឡើយ។
សម្រាប់ឈុតទី ៣ ដែលលោក Mark និងភរិយា ពាក់ចូលរួមកម្មវិធីជប់លៀងអាហារពេលយប់វិញ ក៏ទាក់ទាញខ្លាំងមិនចាញ់ឈុតមុនៗដែរ។ ដោយលើកនេះ លោក Mark ពាក់អាវមានប៉ាក់រូបចម្រុះសត្វ និង ផ្កា ដោយអាវមួយនេះមានតម្លៃជាង ៧ ពាន់ដុល្លារ។ ចំពោះរ៉ូបរបស់លោក Priscilla Chan វិញ គឺមានតម្លៃ ១៨ ៧៩៩ ដុល្លារ។
អំឡុងពេលចូលរួមកម្មវិធីនៅប្រទេសឥណ្ឌានេះដែរ គូស្នេហ៍មហាសេដ្ឋីមួយគូនេះ ក៏បានតុបតែងខ្លួនក្នុងឈុតប្រពៃណីឥណ្ឌាផងដែរ មើលទៅពិតជាស្រស់ស្អាតជាខ្លាំង។ គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានតម្លៃសរុបនៃឈុតទាំងអស់ ដែលលោក Mark Zuckerberg និង ភរិយា ពាក់ចូលរួមកម្មវិធីមង្គលការកូនមហាសេដ្ឋីនៅប្រទេសឥណ្ឌានេះ អាចមានតម្លៃរហូតដល់ជាង ៤ ម៉ឺនដុល្លារ៕