Elon Musk បង្ហោះសារឌឺឡកឡាយភ្លែត ក្រោយហ្វេសប៊ុក error ជុំវិញពិភពលោក
មហាសេដ្ឋី Elon Musk បានចេញមុខមកនិយាយពាក់ព័ន្ធនឹងបណ្ដាញសង្គមហ្វេសប៊ុក និង Instagram ដែលជួបបញ្ហាបច្ចេកទេស ធ្វើឱ្យអ្នកប្រើប្រាស់ទូទាំងពិភពលោក មានការចលាចលជាខ្លាំង។
គួរឱ្យដឹងថា កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទូទាំងពិភពលោក បានជួបបញ្ហាដូចៗគ្នា ដោយគណនីរបស់ពួកគេបានលោតចេញដោយស្វ័យប្រវត្តិ និង មិនអាច log ចូលបានវិញ។ ភ្លាមៗនោះដែរ មហាជនបាននាំគ្នាបុកចូលទៅលេងបណ្ដាញសង្គម X ដើម្បីចង់ដឹងពីថា អ្នកប្រើប្រាស់ផ្សេងជួបបញ្ហាដូចពួកគេដែរឬអត់។
ក្រោយមហាជនបុកចូលទៅលេងបណ្ដាញសង្គម X ច្រើន Elon Musk ដែលជាថៅកែបណ្ដាញសង្គមមួយនេះ មិនទុកយូរ ចេញមុខមកបង្ហោះសារបែបឌឺដងភ្លែតបែបនេះថា៖ «ប្រសិនបើអ្នកទាំងអស់គ្នាកំពុងអានសារនេះ មានន័យថាសេវាកម្មរបស់យើងគឺនៅដំណើរការទេ»។
បន្ថែមពីនេះ លោកបានបង្ហោះរូបភាពបែប Meme មួយសន្លឹកទៀត ក្រោយប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន Meta លោក Andy Stone ធ្វើការបង្ហោះសារថា៖ «ពួកយើងដឹងថា គ្រប់គ្នាកំពុងជួបបញ្ហាក្នុងការចូលប្រើសេវាកម្មរបស់យើង។ ឥលូវពួកយើងកំពុងតែធ្វើការលើបញ្ហានេះ»៕