កុំឱ្យមហាជនមន្ទិលច្រើន! ល្ងាចនេះ ក្រសួងកសិកម្មប្រកាសធ្វើសន្និសីទសារព័ត៌មាន ជុំវិញស្ថានភាពនេសាទនៅតំបន់ឃុំផាត់សណ្ដាយ
នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចេញសេចក្ដីប្រកាសអញ្ជើញ ធ្វើសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពនេសាទនៅតំបន់ ឃុំផាត់សណ្ដាយ ចាប់ពីម៉ោង ៤: ៣០ នាទីល្ងាច នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (អគារផ្ការំដួល សាលសែនពិដោរ)។
ការប្រកាសរៀបធ្វើពិធីសន្និសីទសារព័ត៌មានយ៉ាងតក់ក្រហល់របស់ក្រសួងសាមីនេះ ប្រារព្ធឡើងបន្ទាប់ពីមានការបញ្ចេញយោបល់វែកញែកយ៉ាងច្រើនផុសផុលពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជុំវិញករណីការដាក់របាំងសាច់អួន និង លប នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីការជជែកវែកញែកជុំវិញការដាក់របាំងសាច់អួន និង លបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏បានចេញសេចក្ដីស្រាយបំភ្លឺរួចរាល់ហើយថា តំបន់ឈ្មោះ «កន្លុកបាយក្អែក» នោះ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬ ច្រកផ្លូវដែលត្រីឆ្លងកាត់នោះឡើយ។ លើសពីនេះ ក្រសួងសាមី ក៏បានស្រាយបំភ្លឺជុំវិញចម្ងល់ផ្សេងៗជាច្រើនចំណុចដូចមានក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោម ៖