ស្អែកនេះហើយ! មកដឹងពីប្រវត្តិពិធីបុណ្យមាឃបូជា ដ៏មានសារសំខាន់ណាស់ក្នុងព្រះពុទ្ធសាសនា ដែលកូនខ្មែរមិនគួររំលង
ថ្ងៃសៅរ៍ ទី ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារសំខាន់មួយនៅក្នុងពុទ្ធសាសនា និង សម្រាប់ពុទ្ធសានិកទាំងអស់ទូទាំងពិភពលោក។
តើ «បុណ្យមាឃបូជា» មានប្រវត្តិយ៉ាងណា?
បើតាមវេបសាយ វីគីភីឌា បានឱ្យដឹងថា មាឃបូជា ជាពីធីបុណ្យដ៏ធំមួយក្នុងចំណោមបុណ្យធំផ្សេងទៀត ដែលមានសារសំខាន់នៅក្នុងពុទ្ធសាសនា ដូចជា បុណ្យពិសាខបូជា ជាដើម។ បុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងដើម្បីរំឭកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ចំនួន ១១ ប្រការ សម្រាប់ឱ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និង សម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឱ្យបានយល់ពីពុទ្ធសាសនា ។
គួរឱ្យដឹងដែរថា ពិធីបុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំឭកនូវព្រឹត្តិការណ៍ ៣ យ៉ាងសំខាន់ៗ របស់ព្រះពុទ្ធ ៖
១- រំឭកដល់ការជួបប្រជុំដោយឯកឯងគ្មានការណាត់គ្នាទុកមុន របស់ព្រះអរហន្ត ១២៥០ អង្គ ដែលព្រះសម្មាសម្ពុទ្ធ បំបួសដោយព្រះពុទ្ធអង្គផ្ទាល់ ហៅថា ការធ្វើចតុរង្គសន្និបាត។
២- រំឭកដឹងគុណ ដល់ព្រះសម្មាសម្ពុទ្ធដែលបានត្រាស់ដឹង និង បានសម្ដែងឱវាទបាតិមោក្ខឱ្យសត្វលោកបានយល់ដឹងពីផ្លូវត្រូវក្នុងការស្វែងរកសេចក្ដីសុខក្នុងជីវិត។
៣- រំលឹកដល់ថ្ងៃដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារ ៣ ខែទៀត ដែលព្រះសម្មាសម្ពុទ្ធនឹងបរិនិព្វាន។
សម្រាប់ប្រជាពលរដ្ឋដែលកាន់ពុទ្ធសាសនា សូមជ្រះថ្លាចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលប្រារព្ធឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ទាំងអស់គ្នា៕