មួម៉ៅតិចអី កុម្ម៉ង់អាហារមក ធុំក្លិនឆ្អេះទឹកនោមហួង ដល់មើលកាមេរ៉ាមើល ឃើញមុខអ្នកនោមដាក់មែន
រឿងរ៉ាវមួយនៅប្រទេសចិន កំពុងតែធ្វើឱ្យមហាជននៅតាមបណ្តាញសង្គម ហួសចិត្តផង អស់សំណើចផង ដែលជារឿងរបស់នារីម្នាក់ កុម្ម៉ង់អាហារមក តែបែរជាខឹងមួម៉ៅថាអ្នកដឹកនោមដាក់ ដល់រត់ទៅមើលកាមេរ៉ា ទើបដឹងថាជាស្នាដៃឆ្កែជើងល្អរបស់អ្នកជិតខាង។
តាមព័ត៌មានបានឱ្យដឹងថា នារីខាងលើ ស្នាក់នៅបន្ទប់អាផាតមិនមួយកន្លែង ហើយថ្ងៃនោះនាងក៏បានកុម៉្មង់អាហារពីក្រៅមកញ៉ាំ។ អ្នកដឹកក៏បានយកមកដាក់ឱ្យនៅមុខបន្ទប់ រួចក៏ចេញទៅបាត់ទៅ ស្រាប់តែពេលនាងទៅយក ក៏បានឃើញ និង ធុំក្លិនទឹកនោមជាប់នឹងថង់ ធ្វើឱ្យនាងខឹងជាខ្លាំង រួចក៏បានផ្ញើសារទៅសួរនាំអ្នកដឹក។ អ្នកដឹកបានប្រកែកថាខ្លួនមិនបានធ្វើនោះទេ តែនៅតែមិនជឿព្រោះមានតែអ្នកដឹកប៉ុណ្ណោះដែលបានប៉ះថង់អាហារនេះ។
ដោយសារតែរកខុសរកត្រូវមិនឃើញ ចុងក្រោយនាងក៏សម្រេចចិត្តទៅសុំម្ចាស់អាផាតមិនមើលកាមេរ៉ាសុវត្ថិភាព។ ក្នុងនោះ នាងពិតជាហួសចិត្តមិនស្ទើរនោះទេ ព្រោះបើវីដេអូបានឱ្យឃើញថា អ្នកដឹកបានយកអាហារមកដាក់មុខបន្ទប់នាងមែន តែពេលគេចេញទៅមិនដល់មួយនាទីផង ស្រាប់តែឆ្កែរបស់អ្នកជិតខាងរត់ទៅនោមដាក់ រួចក៏ដើរចេញបាត់។ ឃើញបែបនេះហើយ នាងក៏ប្រកែកលែងចេញ ហើយក៏បានប្រញាប់ទាក់ទងទៅសុំទោសអ្នកដឹកវិញ៕