ប្រហែសមួយពេល ត្រូវបាត់បង់កូនស្រីអាយុ ៣ ឆ្នាំកំពុងពេញស្រឡាញ់ ស្ពាយវិប្បដិសារីមួយជីវិត
ក្មេងស្រីជនជាតិចិន វ័យ ៣ ឆ្នាំមួយរូប កំពុងតែដេកលេងនៅលើគ្រែជាមួយឪពុកសុខៗ ស្រាប់តែក្អួតយកៗ ក្អួតរហូតដល់ស្លាប់ ព្រោះតែឪពុកភ្លេចខ្លួនដេកតែមួយភ្លែត បណ្តោយឱ្យកូនលេបស្គរគ្រាប់ស្លាក់ជាប់នឹងបំពង់ខ្យល់។
រឿងរ៉ាវមួយនេះ បានធ្វើឱ្យមហាជនមានការរន្ធត់ជាខ្លាំង ដែលតាមព័ត៌មានបានឱ្យដឹងថា ខណៈស្រ្តីជាម្តាយកំពុងតែធ្វើម្ហូប ឪពុកក៏បាននាំកូនមកគេងលេងនៅលើគ្រែក្នុងបន្ទប់ តែមិនបាននៅមើលកូនឱ្យត្រឹមត្រូវទេ បែរជាដេកលក់ទៅបាត់ ទុកឱ្យកូននៅលេងតែម្នាក់ឯង។
ស្រាប់តែប៉ុន្មាននាទីក្រោយមក កូនស្រីក៏ក្អួតយ៉ាងខ្លាំង ឪពុកក៏ស្លន់ស្លោងើបមកមើលដោយភាពភ្ញាក់ផ្អើល ឯម្តាយក៏រត់ពីផ្ទះម្តាយមកមើលដូចគ្នា។ ដោយមិនដឹងថាកូនកើតអ្វី ឪពុកម្តាយក៏បានយកកូនទៅមន្ទីរពេទ្យ តែគ្រប់យ៉ាងបែរជាយឺតពេល ព្រោះបេះដូងកូនស្រីក៏ឈប់ដើរទៅហើយ ហើយគ្រូពេទ្យក៏បានពិនិត្យមើល ក៏ឃើញថាក្មេងមានស្គរគ្រាប់មួយគ្រាប់ កំពុងជាប់នៅក្នុងបំពង់ខ្យល់ ដែលធ្វើឱ្យដកដង្ហើមមិនរួច រហូតដល់ដាច់ខ្យល់ស្លាប់បែបនេះ។
យ៉ាងណាមិញ ស្រ្តីជាម្តាយពិតជាខឹងនឹងប្តីខ្លួនយ៉ាងខ្លាំង ឯបុរសជាឪពុកក៏សោកស្តាយឈឺចាប់មិនចាញ់គ្នានោះទេ ព្រោះនេះគឺការធ្វេសប្រហែសរបស់ខ្លួនទាំងស្រុង។ ដោយឡែក មហាជនក៏បានចូលរួមរំលែកទុក្ខ ហើយក៏យករឿងនេះជាគំរូ ដើម្បីប្រុងប្រយ័ត្នក្នុងការមើលថែរក្សាកូនផងដែរ៕