ម្យ៉ាងដែរ! សន្សំលុយបានជាង ១ ម៉ឺនដុល្លារដាក់ធនាគារ រួចឈប់ធ្វើការរកស៊ី ចាំតែដេកចាយលុយការប្រាក់
មហាជនកំពុងតែហួសចិត្ត ជាមួយនឹងរឿងរ៉ាវរបស់បុរសជនជាតិចិនម្នាក់ ដែលគ្រាន់តែមានលុយជាង ១ ម៉ឺនដុល្លារដាក់ធនាគារ ស្រាប់តែឈប់ធ្វើការរកស៊ី ដេកចាំតែចាយលុយការប្រាក់ លែងខ្វល់ពីជីវិតពីសង្គមខាងក្រៅ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ មានវ័យ ៣៥ ឆ្នាំ ហើយដោយសារតែឃើញពីបញ្ហាថ្លៃការចាយវាយក្នុងជីវិតចេះតែកើនឡើងទៅៗ បុរសរូបនេះក៏សម្រេចចិត្តបញ្ចប់បញ្ហាដោយការដេកចាំតែចាយលុយការ ពីលុយចំនួន ១ លានយ័ន ស្មើប្រហែល ១៤ ០០០ ដុល្លាររបស់ខ្លួន ដែលបានផ្ញើនៅធនាគារ ពីការខំធ្វើការជាច្រើនឆ្នាំ ដោយបានការក្នុងមួយខែប្រហែលជាជិត ៣០០ ដុល្លារ។
បុរសរូបនេះ បានប្រើប្រាស់ជីវិតជាមួយនឹងលុយការដែលបានមក ដោយភាពខ្ជិលច្រអូស។ គេលេងខ្វល់នឹងអ្វីៗជុំវិញខ្លួនទាំងអស់ មួយថ្ងៃៗគិតតែពីផឹកស្រាជក់បារី ហើយក៏កុម្ម៉ង់អាហារមកពីក្រៅមកទទួលទាន រួចហើយក៏បោះចោលពេញតែក្នុងបន្ទប់ ពោលគឺរស់នៅក្នុងគំនរសំរាម។ ហើយយូរៗទៅ ក៏លេងខ្វល់រឿងស្នេហា មិនចង់រៀបការ ដោយគិតថាស្នេហាគ្រាន់តែជាគ្រឿងបន្ថែមសម្រាប់ជីវិតប៉ុណ្ណោះ មិនចាំបាច់មានក៏បានដែរ ព្រោះរាល់ថ្ងៃកំពុងតែសប្បាយជាមួយនឹងជីវិតរស់នៅម្នាក់ឯង។
យ៉ាងណាមិញ មហាជនបាននាំគ្នាវែកញែករឿងនេះថា ១ លានយ័ននេះ នឹងមិនគ្រប់ក្នុងការប្រើនាពេលអនាគតនោះទេ ហើយលុយការមួយខែ ៣០០ ដុល្លារនេះ ក៏ប្រហែលមិនគ្រប់ក្នុងការចាយវាយរាល់ថ្ងៃដែរ ដូចនេះហើយគួរណាស់តែធ្វើ ៥ ទៅ ៦ ឆ្នាំទៀតសឹមឈប់ក៏បាន ព្រោះអាយុក៏នៅក្មេងដែរ ហើយគួរតែរៀនសម្អាតបន្ទប់ផងក៏ល្អដែរ៕