កូនកើតមហារីក ម៉ែឪជឿគេថាយកទៅមុជទឹកទន្លេគង្គានឹងជាសះស្បើយ ដូចយកកូនទៅឱ្យលង់ទឹក
សារព័ត៌មាន Indian Express បានរាយការណ៍ពីរឿងរ៉ាវមួយដ៏គួរឱ្យហួសចិត្ត នៅក្នុងប្រទេសឥណ្ឌា ដែលមានក្មេងប្រុសម្នាក់អាយុ ៥ ឆ្នាំ កើតមហារីកដំណាក់កាលចុងក្រោយ ត្រូវម្តាយឪពុកយកទៅមុជទឹកទន្លេគង្គា ព្រោះជឿថាអាចជួយឱ្យសះស្បើយ តែចុងក្រោយត្រូវស្លាប់មុនជំងឺទៅទៀត។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះ ទ្រុឌទ្រោមខ្លាំងណាស់ ព្រោះមានជំងឺមហារីកគ្រាប់ឈាម ឯគ្រួសារញាតិមិត្តក៏អស់សង្ឃឹម ថែរក្សាមិនជា ទើបនឹកឃើញយកមកត្រាំនៅក្នុងទន្លេគង្គា ព្រោះជឿតាមគេថាជាទឹកទន្លេស័ក្តិសិទ្ធិអាចជួយព្យាបាលជំងឺគ្រប់យ៉ាង។ ក្នុងនោះ ខណៈមកដល់ទន្លេ ឪពុកម្តាយរបស់ក្មេងបានឈរសូត្រមន្ត ឯអ៊ំរបស់គេក៏បានយកក្មួយទៅត្រាំក្នុងទឹក ទាំងទឹកត្រជាក់ស្ទើរកក ព្រោះក្នុងរដូវរងា។
ដោយឡែក អ្នកនៅជុំវិញនោះ បានព្យាយាមប្រាប់ឱ្យយកក្មេងចេញមកវិញ ព្រោះមើលទៅត្រាំយូរពេក តែអ៊ំរបស់គេបានខឹងមួម៉ៅ និង រារាំងមិនឱ្យចេញឡើយ តែចុងក្រោយដោយសារតែការព្យាយាម ក្មេងក៏ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ តែគួរឱ្យសោកស្តាយ គេបានបាត់បង់ជីវិតបាត់ទៅហើយ។ យ៉ាងណាមិញ ឪពុកម្តាយ រួមទាំងអ៊ំរបស់ក្មេងរូបនេះ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន ទៅសួរនាំថែមទៀតផង ទាក់ទងនឹងករណីស្លាប់មួយនេះ៕