អាយុវែងណាស់! អណ្ដើកយក្សចំណាស់ជាងគេបំផុតលើលោក ពេលនេះអាយុបាន ១៩១ ឆ្នាំហើយ
អណ្ដើកយក្សមួយក្បាលឈ្មោះ Jonathan រស់នៅជីវិតយ៉ាងមាំទាំនៅអាយុ ១៩១ ឆ្នាំ ដោយអណ្ដើកមួយក្បាលនេះ បានឆ្លងកាត់ជាមួយប្រធានាធិបតីអាមេរិករហូតដល់ ៤០ នាក់ និង អភិបាលកោះ Saint Helena ៣១ នាក់។
កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ Live Science បានចេញផ្សាយថា អណ្ដើកយក្សមានវ័យចំណាស់ជាងគេបំផុត បានកើនអាយុ ១ ឆ្នាំទៀតហើយ (១៩១ ឆ្នាំ) ដែលធ្វើឱ្យអណ្ដើកមួយនេះ នៅបន្តតំណែងជាសត្វដើរដីអាយុច្រើនជាងគេបំផុតលើពិភពលោក។ អណ្ដើកឈ្មោះ Jonathan នេះ បានរស់នៅលើកោះ Saint Helena នៅអាត្លង់ទិកខាងត្បូង តាំងពីឆ្នាំ ១៨៨២ មកម្ល៉េះ ក្រោយសត្វចំណាស់មួយក្បាលនេះ ត្រូវបានប្រគល់ជូនអភិបាលកោះនៅពេលនោះ។
តាមការប៉ាន់ស្មាន អណ្ដើក Jonathan គឺបានកើតនៅក្នុងឆ្នាំ ១៨៣២ ដោយការប៉ាន់ស្មានអាយុកាលរបស់អណ្ដើកនេះ គឺមើលទៅតាមភាពពេញវ័យរបស់វា។ ដូច្នេះមានន័យថា អណ្ដើកយក្សនេះ មានអាយុយ៉ាងហោចណាស់ក៏ ៥០ ឆ្នាំ ឬ ចាស់ជាងនេះ នៅពេលដែលយកទៅនៅលើកោះ Saint Helena។
អណ្ដើក Jonathan បានបំបែកកំណត់ត្រាពិភពលោកចំនួន ២ ជាអណ្ដើកដែលនៅរស់មានអាយុវែងជាងគេបំផុត និង ជាអណ្ដើកដែលមានវ័យចំណាស់ជាងគេបំផុត។ គួរឱ្យដឹងផងដែរថា ពពួកសត្វអណ្ដើកយក្ស Seychelles មានអាយុកាលជាមធ្យម ១៥០ ឆ្នាំ។ ដោយឡែកចំពោះអណ្ដើក Jonathan វិញ ដោយសារតែវ័យកាន់តែចំណាស់ ធ្វើឱ្យវាមើលមិនឃើញពីជំងឺភ្នែកឡើងបាយ រួមទាំងមិនអាចដឹងក្លិន តែយ៉ាងណា បើតាមគ្រូពេទ្យសត្វដែលជាអ្នកមើលថែអណ្តើកនេះ ក៏បានបញ្ជាក់ដែរថា Jonathan នៅតែមានសុខភាពមាំទាំល្អ ស៊ីអាហារបានច្រើនដូចធម្មតា៕