គីម ជុងអ៊ុន យំសស្រាក់ ស្នើឱ្យស្ត្រីក្នុងប្រទេសយកកូនបន្ថែម ខណៈអត្រាកំណើតកាន់តែធ្លាក់ចុះ
ថ្មីៗនេះ វីដេអូមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន សម្រក់ទឹកភ្នែក កំពុងផ្ទុះការចែកចាយពាសពេញបណ្ដាញសង្គមនានា ដោយក្នុងវីដេអូនោះ មេដឹកនាំរូបនេះ ហាក់ទម្លាក់ទឹកមុខ ជូតទឹកភ្នែក អំឡុងពេលចូលរួមកម្មវិធីជួបជុំមួយ។
តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានអញ្ជើញចូលរួមក្នុងកម្មវិធី National Mothers’ Meeting នាទីក្រុង Pyongyang ដោយមានការចូលរួមពីសំណាក់ស្ត្រីៗរាប់ពាន់នាក់។ អំឡុងពេលនោះដែរ លោក គីម ជុងអ៊ុន ក៏ត្រូវបានឃើញទម្លាក់ទឹកមុខ សម្រក់ទឹកភ្នែក ទាំងក្ដុកក្ដួលចិត្ត ដោយលោកបានថ្លែងស្នើដល់ស្ត្រីក្នុងប្រទេសទាំងអស់ ឱ្យយកកូនបន្ថែម ដើម្បីជួយដល់បញ្ហាធ្លាក់ចុះនៃអត្រាកំណើតក្នុងប្រទេស។
លោក គីម ជុងអ៊ុន បាននិយាយថា៖ «ការបញ្ចៀសបញ្ហាធ្លាក់ចុះនៃអត្រាកំណើត និង ការថែទាំក្មេងឱ្យបានល្អ គឺជាកាតព្វកិច្ចរបស់ស្ត្រីមេផ្ទះរបស់យើង។ អរគុណដល់ស្ត្រីជាម្ដាយទាំងអស់ សម្រាប់តួនាទីរបស់ពួកគេ ក្នុងការពង្រឹងដល់អំណាចជាតិ។ ខ្ញុំក៏ដូចគ្នា នៅពេលនេះគិតទៅដល់រាល់អ្នកម្ដាយទាំងអស់ នៅពេលដែលខ្ញុំជួបបញ្ហាលំបាកក្នុងការដោះស្រាយជាមួយនឹងបក្ស រួមទាំងកិច្ចការងារជាតិ»៕