ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី រកឃើញស-.ព ១១ នាក់បន្ថែម នាំឱ្យចំនួនសរុបឡើងដល់ ២២ នាក់
ក្រុមសង្គ្រោះប្រចាំប្រទេសឥណ្ឌូនេស៊ី បានរកឃើញសាកសពអ្នកឡើងភ្នំចំនួន ១១ នាក់បន្ថែមទៀត នាំឱ្យចំនួនជនរងគ្រោះដែលបានស្លាប់ដោយបន្ទុះភ្នំភ្លើងលើកោះស៊ូម៉ាត្រាសរុបឡើងដល់ ២២ នាក់។
តាមការបញ្ជាក់ពីលោក Abdul Malik ប្រធានភ្នាក់ងាររុករក បាននិយាយថា៖ «៩ នាក់ ក្នុងចំណោម ១០ នាក់ដែលបានបាត់ខ្លួន ត្រូវបានរកឃើញស្លាប់កាលពីរសៀលនេះ។ សាកសពរបស់ពួកគេ ត្រូវបានយកចេញពីតំបន់ភ្នំភ្លើងផ្ទុះនោះ។ ក្រុមសង្គ្រោះ កំពុងបន្តរុករកជនរងគ្រោះដែលនៅសល់មិនទាន់រកឃើញ»។
គួរឱ្យដឹងដែរថា មុនរកឃើញសាកសពទាំង ៩ នាក់ខាងលើ ខាងមន្ត្រីប្រចាំប្រទេសឥណ្ឌូនេស៊ី ក៏បានរកឃើញសាកសពអ្នកឡើងភ្នំចំនួន ២ នាក់ផងដែរ កាលពីថ្ងៃទី ០៤ ខែធ្នូ កន្លងទៅ។ បើតាមសម្ដីលោក Malik បានថ្លែងបញ្ជាក់បន្ថែមដែរថា៖ «ពួកយើងមិនរំពឹងថានឹងរកឃើញអ្នកនៅមានជីវិតនោះឡើយ។ សុវត្ថិភាពរបស់ក្រុមសង្គ្រោះគឺជារឿងចម្បង។ ភ្លៀងនៅតែបន្តធ្លាក់តាំងពីយប់មិញ ធ្វើឱ្យផ្លូវឡើងភ្នំមានសភាពរអិល បង្កជាការលំបាកដល់ក្រុមសង្គ្រោះ»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ភ្នំភ្លើង Marapi លើកោះស៊ូម៉ាត្រា ដែលមានកម្ពស់ ២ ៨៩១ ម៉ែត្រ បានផ្ទុះភ្លាមៗ ជះសាយភាយផេះឡើងលើអាកាសកម្ពស់ដល់ ៣ ពាន់ម៉ែត្រ។ ក្រុមសង្គ្រោះបានឱ្យដឹងថា នាពេលនោះ មានអ្នកឡើងភ្នំចំនួន ៧៥ នាក់ ដោយក្នុងនោះ ៤៩ នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាព។ ក្រោយមក មនុស្ស ១៤ នាក់ផ្សេងទៀតត្រូវបានរកឃើញ ដោយ ៣ នាក់នៅរស់រានមានជីវិត ខណៈ ១១ នាក់ទៀតបានស្លាប់៕