ធុញថប់ជីវិតក្នុងក្រុងពេក មានអីរត់ទៅឡើងភ្នំសង់ខ្ទមមួយរស់នៅយ៉ាងរំភើយ
ជីវិតក្នុងក្រុង ឡូយឆាយស៊ីវិល័យ មនុស្សជាច្រើនតែងតែប្រាថ្នា ព្រោះមានរបស់ប្រើប្រាស់ទំនើបៗ ចង់បានអីបានហ្នឹង។ យ៉ាងណាមិញ ភាពស៊ីវិល័យទាំងអស់នេះ មិនមែននរណាៗសុទ្ធតែប្រាថ្នាចង់រស់នៅនោះឡើយ។ ជាក់ស្ដែង បុរសវ័យក្មេងម្នាក់នៅប្រទេសចិន គឺចង់រស់នៅជីវិតមួយដែលសាមញ្ញ មិនមានការរំខាន ក៏សម្រេចចិត្តចាកចេញពីទីក្រុង ទៅធ្វើខ្ទមរស់នៅតាមជ្រលងភ្នំយ៉ាងមានក្ដីសុខ។
ថ្មីៗនេះ កម្មវិធីបណ្ដាញសង្គមចិនឈ្មោះ Douyin បានចែករំលែកពីរឿងរ៉ាវរបស់បុរសវ័យក្មេងម្នាក់ឈ្មោះ Wenzi ដែលចែករំលែកពីរបៀបរបបរស់នៅរបស់គាត់ក្នុងខ្ទមឫស្សីមួយនៅលើភ្នំ។ តាមសារព័ត៌មាន See Hua Daily លោក Wenzi បានសាងសង់ខ្ទមឫស្សីមួយនៅលើជម្រាលភ្នំ Xiaxi ខេត្ត Guizhou ប្រទេសចិន ដោយលោកបានរស់នៅទីនោះតាំងពីខែកញ្ញា ឆ្នាំ ២០២៣ មកម្ល៉េះ។
គួរឱ្យដឹងថា ផ្ទះពិតប្រាកដរបស់លោក គឺមានចម្ងាយប្រមាណ ៥០០ ទៅ ៦០០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែដោយសារតែផ្លូវឡើងភ្នំ មានបញ្ហាលំបាក លោកត្រូវចំណាយពេល ១ ម៉ោងដើម្បីឡើងដល់ខ្ទមរបស់លោកនៅលើភ្នំ។
រាល់ ២ សប្ដាហ៍ម្ដង លោកចុះទៅផ្ទះ ចូលផ្សារទិញគ្រឿងទេសនានា ដើម្បីយកទៅស្តុកទុកប្រើប្រាស់។ និយាយពីជីវិតរស់នៅលើភ្នំ លោក Wenzi បាននិយាយថា លោកគឺមិនមានអារម្មណ៍ឯកាឡើយ ព្រោះលោកមានឆ្កែ ២ ក្បាលនៅជាមួយក្បែរលោកគ្រប់ពេល៕