ចោរស្ទើរភ្លើង ចូលប្លន់គេដល់ធនាគារ តែមកចាញ់ដៃអ៊ីអនាម័យ គ្រាន់តែឃើញដើរចូលក៏ស្លន់លែងចង់ប្លន់ទៀត
ថ្មីៗនេះ សារព័ត៌មានប្រទេសចិន បានរាយការណ៍ពីហេតុការណ៍ចោរប្លន់នាធនាគារមួយកន្លែង ដែលមានអ្នកអនាម័យជាវីរនារី អ្នកជួយសង្រ្គោះយ៉ាងមិននឹកស្មាន។
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុមានបុរសម្នាក់បានដើរចូលមក រួចបានទាញកាំបិតមកភ្ជង់-កបុគ្គលិក ព្រមទាំងបង្ខំឱ្យគេយកប្រាក់ទាំងប៉ុន្មានចេញមកឱ្យខ្លួនទាំងអស់។ អ្នកនៅក្នុងហេតុការណ៍ទាំងប៉ុន្មាន មានការជ្រួលច្របល់ភ័យខ្លាំងណាស់ តែនៅសុខៗស្រាប់តែមានអ៊ំស្រីអនាម័យម្នាក់ ដើរចូលមកដោយមានប្រដាប់ជូតឥដ្ឋនៅនឹងដៃ ហើយមើលទៅថែមទាំងមិនមានការភិតភ័យអ្វីទៀតផង។
ឯចោរកាលបើបានឃើញអ៊ំស្រីធ្វើដូចធម្មតាបែបនេះ ក៏បែរទៅស្លន់ស្លោរ ប្រញាប់លែងបុគ្គលិក ថែមបោះកាំបិតចោលទៀត រួចក៏ត្រូវអ៊ំស្រីពន្លះដោយប្រដាប់ជូតឥដ្ឋដែលនៅនឹងដៃនោះ។ ចុងក្រោយចោរជើងល្អក៏ត្រូវប៉ូលិសក្របួចបាន ឯអ៊ំស្រីវិញបានឱ្យដឹងយ៉ាងហួសចិត្តថា នៅផ្ទះខ្លួនមើលរឿងច្រើនណាស់ ជាពិសេសឈុតឆាកប្លន់បែបនេះ ដូច្នេះហើយគ្រាន់តែឃើញចោរក៏ដឹងថាគេគ្មានបទពិសោធបាត់ទៅហើយ ណាមួយកាំបិតនៅដៃគេក៏ខ្លីទៀត ទើបដើរចូលទៅតស៊ូជាមួយដោយមិនខ្លាចយ៉ាងនេះ។ ដោយឡែក អ៊ំស្រីក៏ត្រូវបានគេលើកទឹកចិត្តជាទឹកប្រាក់ប្រមាណជិត ១៥០០ ដុល្លារផងដែរ៕