ពិតជាមិននឹកស្មានដល់ បងប្អូនបង្កើតពីរនាក់ធ្វើគ្រឿងអលង្ការក្បាច់ខ្មែរលក់បានតម្លៃដល់ទៅខ្ទង់ម៉ឺនដុល្លារ
ចិញ្ចៀន ក្រវិល និង មកុដ ជាដើម ត្រូវបានដកស្រង់ក្បាច់ខ្មែរមករំលេច ក្លាយជាគ្រឿងបំពាក់លម្អកាយប្រកបដោយភាពប្រណីត និងទាន់សម័យ។ បងប្អូនបង្កើតពីរនាក់ ម្នាក់ឈ្មោះ អ៊ីដូ ចម (Edo Chorm) ជាបងស្រី និងម្នាក់ទៀតឈ្មោះ អ៊ីយេន ចម (Eyen Chorm) ជាប្អូនស្រី បានស្រាវជ្រាវក្បាច់ខ្មែរទាំងប៉ុន្មានមកបង្កើតជាគ្រឿងអលង្ការបែបទំនើប ដោយប្រើឈ្មោះរបស់ខ្លួនទាំងពីរធ្វើជាម៉ាកយីហោថា «EDOEYEN»។ អលង្ការម៉ាកនេះ សព្វថ្ងៃមានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក ហើយក៏កំពុងមានទីផ្សារពីបណ្តាភ្ញៀវបរទេស។
បង្កើតឡើងកាលពីឆ្នាំ ២០២០ ដើមចមកើតចេញពីបងប្អូនស្រីទាំងពីរនាក់ខាងលើ ដែលចាប់កំណើតនៅតំបន់ប្រ៊ូឃ្លីននៃទីក្រុងញូវយកសហរដ្ឋអាមេរិក។ ថ្ងៃមួយបងប្អូនបង្កើតពីររូបនេះបានធ្វើដំណើរមកលេងទឹកដីកម្ពុជាដើម្បីទស្សនាប្រាសាទអង្គរវត្ត។ ក្រោយទស្សនារួច អ្នកទាំងពីរបានគិតថា សិល្បៈខ្មែរមានការស្គាល់តិចតួចបំផុតជាសកល នេះក៏ដោយសារកង្វះការលើកយកមកបង្ហាញ និងការយកទៅបញ្ចូលក្នុងម៉ូដនិយមសម្រាប់ភាពទាន់សម័យនាសម័យទំនើប។ ដោយយល់ឃើញដូច្នេះ អ្នកទាំងពីរបានផុសគំនិតបង្កើតជាគ្រឿងអលង្ការទាន់សម័យមួយប្រភេទ ដែលច្នៃពីក្បាច់បុរាណខ្មែរដាក់លក់នៅលើទីផ្សារបរទេសមកដល់បច្ចុប្បន្ន។ មែនទែនទៅបងប្អូនទាំងពីរដក់ចិត្តនឹងសិល្បៈខ្មែរដំបូងតាំងពីនៅតូច គឺនៅគ្រាដែលមានអ្នកណែនាំឱ្យស្គាល់ពីរបាំបុរាណខ្មែរ និងការសង្កេតរូបភាពរបាំព្រះរាជទ្រព្យតាមរយៈភាពយន្តជំនាន់ទ.វទី៦០-៧០ រួមនឹងរឿងនិទានដែលអ្នកម្តាយតែងតំណាលឱ្យស្តាប់។
ជាអលង្ការប្រណីតបែបទំនើប ម៉ូដនីមួយៗត្រូវបានដាក់ឈ្មោះសរសេរជាអង់គ្លេសអានសំឡេងជាពាក្យខ្មែរ តួយ៉ាង ចនត្រចៀក «នាងនាគ», ក្រវិល «ផ្កាឈូក», មកុដ «ក្បាំង» និង ចិញ្ចៀន «អរូបិយ» ជាដើម។ អលង្ការនេះទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតដល់សារព័ត៌មានបរទេសល្បីៗជាច្រើនធ្វើបទសម្ភាស និងយកទៅចុះផ្សាយនៅលើទស្សនាវដ្តី។ សម្រាប់គុណភាព និងតម្លៃ គឺមិនចាញ់របស់បរទេសឡើយ ពោលចាប់ពី១៤០ដុល្លាររហូតដល់៤ម៉ឺនដុល្លារ អាស្រ័យទៅតាមម៉ូដ និងវត្ថុធាតុដើម៕