ញាក់សាច់! ក្រដាស់រាយមុខម្ហូបសម្រាប់ពួកអភិជនលើកប៉ាល់ «ទីតានិច» ដេញថ្លៃលក់បានជាង ១៧ ម៉ឺនដុល្លារ
ក្រដាសរាយមុខម្ហូបសម្រាប់ក្រុមអ្នកអភិជន ដែលស្នាក់នៅលើកប៉ាល់យក្ស «ទីតានិច» ថ្មីៗត្រូវបានដាក់ដេញថ្លៃលក់នៅចក្រភពអង់គ្លេស ដោយលក់បានក្នុងតម្លៃរហូតដល់ ១៧៤ ៧២០ ដុល្លារ។
តាមកាលបរិច្ឆេទបញ្ជាក់លើក្រដាស់រាយមុខម្ហូបដ៏ចំណាស់មួយនេះ បានសរសេរថា ក្រដាសនេះបានចេញនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ១៩១២ ពោលគឺត្រឹមរយៈពេលប៉ុន្មានថ្ងៃ មុនកប៉ាល់យក្សដ៏ល្បីល្បាញមួយនេះ បុកនឹងផ្ទាំងទឹកក រហូតលិចចូលក្នុងមហាសមុទ្រ ឆក់យកជីវិតអ្នកដំណើរជាង ១ ៥០០ នាក់នោះ។
បើតាមខាងក្រុមហ៊ុនដេញថ្លៃ Henry Aldridge&Son បានឱ្យដឹងថា ពួកគេមិនច្បាស់នោះឡើយថា ក្រដាសរាយមុខម្ហូបនេះ យកចេញពីកប៉ាល់នោះដោយរបៀបណា ប៉ុន្តែបើតាមស្នាមខូចខាតដោយទឹក ពួកគេគិតថា វាអាចយកបានពីក្នុងសពរបស់ជនរងគ្រោះ៕