តំណែងជាប្រធានទីផ្សារ តែចូលធ្វើការថ្ងៃដំបូង មានដៃមានជើងលួចយកទូរស័ព្ទ Iphon ពីហាងគេអស់ ៥៣ គ្រឿង
រឿងរ៉ាវថ្មីមួយកំពុងតែត្រូវបានគេចែកចាយនៅបណ្តាញសង្គមរបស់ប្រទេសរុស្ស៊ី ដោយមានបុរសម្នាក់ទើបចូលធ្វើការនៅហាងលក់ទូរស័ព្ទថ្ងៃដំបូងសោះ លេងពួយទ្រាំមិនបានលួចទូរស័ព្ទគេភ្លាមៗអស់ ៥៣ គ្រឿង។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើមានវ័យ ៤៤ ឆ្នាំ ទើបតែចូលមកធ្វើជាអ្នកចាត់ការខាងទីផ្សារឱ្យហាងលក់ទូរស័ព្ទមួយកន្លែងនៅទីក្រុងម៉ូស្កូ។ ចូលមកធ្វើការថ្ងៃដំបូង បុរសរូបនេះបញ្ចេញស្នាដៃអស្ចារ្យលួចទូរស័ព្ទពីហាងអស់ ៥៣ គ្រឿង ព្រមទាំងលុយប្រមាណជាង ៦០០ ដុល្លារបាត់ទៅហើយ។
ក្នុងនោះ គេបានឱ្យដឹងថា សូម្បីតែឯកសារដែលគេដាក់ពាក្យមកធ្វើការក៏ជាឯកសារបន្លំដែរ ហើយនៅថ្ងៃកើតហេតុនោះ គេបានមកដល់ហាងមុនគេ ដោយបរិយាកាសអំណោយ គេក៏បានធ្វើការប្រមូលលួចទូរស័ព្ទ រួចរត់ចេញពីក្រុងទៅកាន់ផ្ទះរបស់ខ្លួនដែលនៅទីក្រុង Sevastopol។
យ៉ាងណាមិញ ដោយសារតែបុរសរូបនេះមិនបានបិទបាំងមុខខណៈធ្វើសកម្មភាព ខាងប៉ូលិសក៏បានចាប់ខ្លួនបានយ៉ាងងាយ តែប្រមូលបានមកវិញតែទូរស័ព្ទមួយចំនួនប៉ុណ្ណោះ ដោយមួយចំនួនទៀតបុរសរូបនេះបានសារភាពថាបានលក់នៅតាមផ្លូវអស់ទៅហើយ៕