ស្បែកជើងចេះតែធុំក្លិនស្អុយប្លែកៗ មើលដាក់កាមេរ៉ាទៅទើបដឹងថាជាស្នាដៃអ្នកជិតខាងធ្វើរឿងគួរឱ្យខ្ពើមមួយនេះ
ថ្មីៗនេះស្រ្តីម្នាក់បានទម្លាយរឿងដ៏សែនតឹងចិត្តស្អិតទ្រូង ជាមួយនឹងកំពូលអ្នកជិតខាងម្នាក់ ដែលតែងតែរករឿងនាងមិនចេះចប់មិនចេះហើយ រហូតឈានដល់ការធ្វើរឿងគួរឱ្យខ្ពើមមកលើគ្រួសារនាងទៀត។
រឿងរ៉ាវមួយនេះកើតឡើងនៅប្រទេសសឹង្ហបុរី ដោយស្រ្តីរូបនេះបានរៀបរាប់ឱ្យដឹងថា នាង និង គ្រួសារបានស្នាក់នៅអគារអាផាតមិនជាន់ទី ៨ មួយកន្លែង ប្រហែលជាង ២៦ ឆ្នាំមកហើយ ហើយក៏បានអ្នកជិតខាងជាស្រ្តីចំណាស់ម្នាក់ ដែលតែងតែរករឿងគ្រួសារនាងជាប្រចាំ។
ស្រ្តីចំណាស់រូបនេះ តែងតែរំខានគ្រួសារនាង ដោយមានទាំងការចូលមកស្តីឱ្យម្តាយនាងដល់ផ្ទះផង យកថ្នាំលាបផ្ទះនាងទៅលាបពេញផ្លូវដើរផង ចាក់ទឹកស៊ីអ៊ីវលើក្រណាត់នាងហាលចោល ដាក់ស្បែកជើងពេញមុខផ្ទះនាងក៏មាន ដែលសកម្មភាពទាំងនេះ កាមេរ៉ាផ្ទះនាងចាប់បានទាំងអស់។ លើសពីនេះទៅទៀត ស្រ្តីរូបនេះថែមទាំងដាក់កាមេរ៉ាក្នុងផ្ទះខ្លួនឯង តែបែរមកចំផ្ទះនាងទៀតផង ធ្វើឱ្យនាងមិនមានភាពឯកជនឡើយ ហើយនាងក៏ព្យាយាមប្តឹងប៉ូលិសដែរ តែដល់ប៉ូលិសមកស្រ្តីរូបនេះ មិនព្រមបើកទ្វារមកដោះស្រាយ។
អ្វីដែលហួសចិត្តជាងនេះទៀតនោះ គឺកំពូលអ្នកជិតខាងរូបនេះ ថែមទាំងលួចជះទឹកនោមទៅក្នុងស្បែកជើងរបស់ប្អូនប្រុសនាងទៀត ពិតជាមិនគួរឱ្យជឿនោះទេ។ យ៉ាងណាមិញ ក្រុមគ្រួសារនាងពិតជាទាល់គំនិតណាស់ មិនដឹងដោះស្រាយយ៉ាងណា ទើបសម្រេចចិត្តរៀបរាប់រឿងទាំងអស់ ជាមួយនឹងភស្តុតាងដែលខ្លួនមាន ទៅកាន់សារព័ត៌មាន ព្រមទាំងប៉ូលិស ដែលប៉ូលិសក៏សន្យាថានឹងដំណើរការស៊ើបសួររឿងនេះទៅតាមផ្លូវច្បាប់ផងដែរ៕