នៅចាំក្មេងតូចដែលផ្ទុះល្បីតែងខ្លួនជាខ្មោចក្នុងថ្ងៃ Halloween ប៉ុន្មានឆ្នាំមុនទេ ពេលនេះធំហើយអត្តចរិតល្អទៀត
មហាជនប្រាកដជាចាំនៅឡើយទេនូវក្មេងតូចមួយរូប ដែលផ្ទុះល្បីដោយសារតែការតែងខ្លួនយ៉ាងគួរឱ្យស្រឡាញ់ទៅសាលារៀនក្នុងថ្ងៃ Halloween កាលពីឆ្នាំ ២០១៦ កន្លងទៅ ដែលជាតួអង្គខ្មោចនៅក្នុងរឿងតុក្កតាជប៉ុន Spirited Away។
ក្មេងស្រីរូបនេះតាមពិតទៅមានឈ្មោះថា Meng Meng ហើយក្នុងថ្ងៃ Halloween ជារៀងរាល់ឆ្នាំ ម្តាយនាងតែងតែតែងខ្លួនឱ្យជាតួអង្គផ្សេងៗឱ្យនាងទៅប្រកួតនៅសាលារៀនជានិច្ច រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងក៏ចាប់ផ្តើមចេះរកនឹកតួអង្គដោយខ្លួនឯង ព្រមទាំងឡើងទៅប្រកួតដោយភាពក្លាហានទៀតផង។
យ៉ាងណាមិញ កន្លងទៅ ៧ ឆ្នាំនេះ នាងក៏ឈានចូលវ័យ ៩ ឆ្នាំទៅហើយ ដែលសព្វថ្ងៃនាងកំពុងតែរៀនថ្នាក់ទី ៣ ព្រមទាំងបានចំណាត់ថ្នាក់ល្អទៀតផង។ ក្នុងនោះ ប្លែកជាងកាលនៅពីក្មេងដែលមើលទៅគួរឱ្យស្រឡាញ់ ឥឡូវនេះ Meng Meng ដែលមានវ័យ ៩ ឆ្នាំ បានចាប់ផ្តើមបញ្ចេញសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន ធ្វើឱ្យមហាជនជាច្រើនក៏រឹតតែស្រឡាញ់នាងថែមទៀត។
ដោយឡែក បើតាមអត្តចរិតវិញ ម្តាយនាងបានឱ្យដឹងថា ឥឡូវនេះ Meng Meng មានភាពចាស់ទុំច្រើនណាស់ នាងជាក្មេងរាបសារ មិនសូវមាត់មិនសូវកឡើយ ថែមទាំងមិនសូវជាចូលចិត្តបញ្ចេញអារម្មណ៍ប៉ុន្មាននោះទេ ខុសពីប្អូនស្រីនាងដែលជាក្មេងចូលចិត្តនិយាយលេងសើចច្រើន តែពួកគេក៏ស្និទ្ធស្នាលគ្នាផងដែរ។ ម្តាយ Meng Meng បានបន្តទៀតថា សព្វថ្ងៃនេះខ្លួនបានព្យាយាមបង្រៀនកូនច្រើនណាស់ពីជីវិតរស់នៅ ខ្លួនចង់ឱ្យកូនរស់នៅដោយមានសេរីភាព និង ស្គាល់ពិភពលោកឱ្យបានកាន់តែច្រើន៕