បរិយាកាសនៅ Itaewon ថ្ងៃ Halloween ស្ងាត់ជ្រាប ម្នាក់ៗនៅដិតដាមសោដនាកម្មរត់ជាន់គ្នាកាលពីឆ្នាំមុន
ធ្មេចបើកៗ ពិធីបុណ្យ Halloween បានខិតចូលមកដល់ទៀតហើយ មនុស្សម្នាជាច្រើនចាប់ផ្តើមតែងខ្លួនលេងសប្បាយ ប៉ុន្តែសម្រាប់ប្រជាជនកូរ៉េហាក់នៅមិនទាន់លុបចេញពីអារម្មណ៍នៅឡើយទេ ចំពោះសោដនាកម្មដែលមនុស្សជាច្រើនបានជាន់គ្នាស្លាប់នៅតំបន់កម្សាន្ត Itaewon កាលពីថ្ងៃ Halloween ឆ្នាំ ២០២២ កន្លងទៅ។
កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ ប្រទេសកូរ៉េខាងត្បូង បានប្រទះហេតុការណ៍មិននឹកស្មាននៅក្នុងតំបន់ Itaewon ដែលប្រជុំកន្លែងលេងកម្សាន្តក្នុងពីធីបុណ្យ Halloween ដោយមានមនុស្សជាច្រើនបានប្រជ្រៀតជាន់គ្នា បណ្តាលឱ្យមានអ្នកស្លាប់រហូតដល់ ១៥៩ នាក់ ព្រមទាំងរបួសជាច្រើននាក់ទៀត។
ដោយឡែក ចំពោះ Halloween ក្នុងឆ្នាំនេះ បើទោះជាអាជ្ញាធរមិនបានហាមមិនឱ្យធ្វើយ៉ាងណាក្តី តែតំបន់ Itaewon បានក្លាយទៅជាទីកន្លែងស្ងប់ស្ងាត់ បាត់អស់មនុស្សម្នាមកលេងកម្សាន្តទៅហើយ។ ក្នុងនោះ តាមដងផ្លូវក៏បាត់អស់ភាពអ៊ូអរមានតែមនុស្សប៉ុន្មាននាក់ ព្រមទាំងឃើញមានតែផ្កាដែលគេយកមកដាក់ ជាមួយនឹងសំបុត្រជាច្រើនដែលបិទនៅលើជញ្ជាំង ដើម្បីជាការរឭកដល់ជនរងគ្រោះជាមិត្តភក្តិ ឬ សាច់ញាតិ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍កន្លងទៅប៉ុណ្ណោះ។
យ៉ាងណាមិញ ទោះបីជាតំបន់ Itaewon មិនបានបម្រើការកម្សាន្តនៅក្នុងឆ្នាំនេះមែន តែគេក៏ឃើញមនុស្សម្នាងាកទៅលេងនៅតំបន់ Hongdae ឯណោះវិញ ឯអាជ្ញាធរក៏បានត្រៀមកម្លាំងយ៉ាងល្អិតល្អត់ក្នុងការពារមិនឱ្យមានការប្រជ្រៀតគ្នាដូចក្នុងហេតុការណ៍លើកមុនផងដែរ៕