លាបពណ៌សក់ត្រៀមទៅការបងប្អូន ស្រាប់តែលាបរួច ៤ ម៉ោងទៅជាថប់ដង្ហើម ដល់ថ្នាក់ចូល ICU
រឿងរ៉ាវរបស់ស្រ្តីវ័យ ៦០ ម្នាក់ ដែលដល់ថ្នាក់ចូលពេទ្យសង្រ្គោះបន្ទាន់ ក្រោយពីលាបសក់អស់ ៤ ម៉ោង បានកំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវនេះ បានកើតឡើងនៅប្រទេសចិន ដែលនៅថ្ងៃកើតហេតុស្រ្តីខាងលើបានទៅលាបសក់ខ្មៅ នៅហាងធ្វើសក់មួយកន្លែង មុននឹងទៅស៊ីការបងប្អូន។ យ៉ាងណាមិញ ក្រោយពីនោះ ៤ ម៉ោង នៅសុខៗស្រ្តីរូបនេះ ក៏មានអាការជំងឺហឺត ពិបាកដកដង្ហើម រួចក៏ត្រូវគ្រួសារបញ្ចូនទៅមន្ទីរពេទ្យជាបន្ទាន់តែម្តង។ ស្រ្តីរូបនេះ បានចូលទៅទទួលការព្យាបាល នៅបន្ទប់សង្រ្គោះបន្ទាន់ ហើយបានសន្លប់មិនដឹងខ្លួនអស់រយៈពេល ៥ ថ្ងៃ ដោយមិនមានអាការធូរស្បើយឡើយ ហើយមិនអាចដកម៉ាស៊ីនជំនួយការដកដង្ហើមចេញបាន។
ក្នុងនោះ គ្រូពេទ្យក៏បានរកឃើញមូលហេតុថា បណ្តាលមកពីសារធាតុគីមីនៅក្នុងពណ៌សក់ ទើបបណ្តាលឱ្យខ្វះអុកស៊ីសែនបែបនេះ។ គ្រូពេទ្យក៏បានធ្វើការកោរសក់ស្រ្តីរូបនេះចេញ ហើយអាការក៏ធូរស្បើយទៅពីមួយថ្ងៃទៅមួយថ្ងៃ ការដកដង្ហើមក៏ត្រឡប់មកធម្មតា លែងត្រូវការប្រដាប់ជំនួយ រហូតទាល់តែជាសះស្បើយមែនទែន គ្រូពេទ្យក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។
យ៉ាងណាមិញ ក្នុងករណីនេះ អ្នកជំនាញបានឱ្យដឹងថា ការលាបពណ៌សក់អាចបង្កឱ្យមានគ្រោះថ្នាក់ច្រើនយ៉ាង ជាពិសេសអាចដល់ជីវិតបាន ដូច្នេះហើយ គួរតែរើសថ្នាំលាបដែលមានគុណភាពល្អតាមស្តង់ដារ និង មានការប្រាប់សារធាតុផ្សំបានច្បាស់លាស់ផងដែរ។ លើសពីនេះទៅទៀត សូមលាបដោយការប្រុងប្រយ័ត្ន កុំឱ្យថ្នាំប៉ះដល់ស្បែកក្បាល បើសិនជាស្បែករបួសណាមួយ ហើយគួរតែប្រញាប់លាងសម្អាតចេញ និង គួរតែទុករយៈពេល ៣ ខែ ក្នុងការដូរពណ៌សក់ពីមួយទៅមួយ៕