អ៊ីស្រាអែលជួបសង្គ្រាម ឯអាហ្វហ្គានីស្ថានវិញ ជួបគ្រោះរញ្ជួយដី មនុស្សបាត់បង់ជីវិតជាង ២ ពាន់នាក់
កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ព័ត៌មានដ៏រន្ធត់មួយត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គម ក៏ដូចជាប្រព័ន្ធអ៊ីនធឺណេត ដោយបានឱ្យដឹងថា ប្រទេសអ៊ីស្រាអែល កំពុងតែទទួលរងការវាយប្រហារពីសំណាក់ក្រុមហាម៉ាស់ (ប៉ាឡេស្ទីន) ដែលបានបណ្ដាលឱ្យមនុស្សជាច្រើនបានស្លាប់ និង រងរបួស ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះផងដែរ។
យ៉ាងណាមិញ បើងាកមើលប្រទេសអាហ្វហ្គានីស្ថានវិញ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ បានជួបគ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងលិចប្រទេស បណ្ដាលឱ្យមនុស្សស្លាប់របួសរាប់ពាន់នាក់។
តាមការបញ្ជាក់ពីខាងរដ្ឋបាលតាលីបង់ កាលពីថ្ងៃទី ០៨ ខែតុលាកន្លងទៅ បានឱ្យដឹងថា មនុស្សប្រមាណ ២ ៤៤៥ នាក់បានស្លាប់ ខណៈប្រមាណជាង ២ ពាន់នាក់ផ្សេងទៀតបានរងរបួស។ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់ពីខាងកាកបាទក្រហម បានឱ្យដឹងដែរថា ផ្ទះសម្បែងពលរដ្ឋប្រមាណ ១៣២០ ខ្នងត្រូវបានរងការខូចខាត ឬ បំផ្លាញអស់ទាំងស្រុង។
បច្ចុប្បន្នក្រុមសង្គ្រោះត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងការវាយប្រហារដោយគ្រោះធម្មជាតិដ៏កំណាចមួយនេះ ដើម្បីរុករក និង សង្គ្រោះអ្នកដែលអាចនៅរស់រានមានជីវិត។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីក្នុងប្រទេសអាហ្វហ្គានីស្ថាននេះ ស្ថិតក្នុងចំណោមគ្រោះធម្មជាតិដ៏សាហាវបំផុតប្រចាំឆ្នាំនេះ បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសតួកគី និង ស៊ីរីមក៕
ប្រភព៖ Reuters