ឃ្លាតទាំងអាល័យ! និស្សិតខ្មែរម្នាក់បានបាត់បង់ជីវិតចោលគ្រួសារ ក្នុងហេតុការណ៍វាយប្រហាររបស់ក្រុម Hamas នៅអ៊ីស្រាអែល
កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ព័ត៌មានដ៏រន្ធត់មួយត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គម ក៏ដូចជាប្រព័ន្ធអ៊ីនធឺណេត ដោយបានឱ្យដឹងថា ប្រទេសអ៊ីស្រាអែល កំពុងតែទទួលរងការវាយប្រហារពីសំណាក់ក្រុមហាម៉ាស់ (ប៉ាឡេស្ទីន) ដែលបានបណ្ដាលឱ្យមនុស្សជាច្រើនបានស្លាប់ និង រងរបួស ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះផងដែរ។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យពលរដ្ឋកម្ពុជាកាន់តែរន្ធត់ និង មានការព្រួយបារម្ភទៀតនោះ គឺសុខសុវត្ថិភាពរបស់និស្សិតកម្ពុជាដែលបានទៅរៀន និង ហាត់ការនៅប្រទេសអ៊ីស្រាអែល ប្រមាណជា ៤៥០ នាក់ ប៉ុន្តែអ្វីដែលក្រៀមក្រំបំផុតគឺមាននិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារក្រុមហាម៉ាស់ លើអ៊ីស្រាអែល ដែលបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ។
គួរឱ្យដឹងដែរថា ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍វាយប្រហារនេះមានឈ្មោះថា ចាន់ ឧត្ដម អាយុ ២៤ គឺជានិស្សិតឆ្នាំទី ៣ នៃមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលទើបតែធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់វិធានការទំនាក់ទំនងជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ហើយកម្ពុជាបានទំនាក់ទំនងជាមួយពលរដ្ឋខ្មែរ ភាគច្រើននៅក្នុងប្រទេសអ៊ីស្រាអែល និង បានកំណត់ទីតាំងរបស់ពួកគាត់រួចរាល់ហើយ៕