ផ្អើលសឹងកន្លះផែនដី! ព្រះអង្គម្ចាស់ Abdul Mateen បង្ហាញមុខម្ចាស់បេះដូង ត្រៀមរៀបអភិសេកដើមឆ្នាំក្រោយ ១០ ថ្ងៃជាប់គ្នា
ថ្មីៗនេះ តាមបណ្ដាសារព័ត៌មានស្ទើរពាសពេញពិភពលោក បាន និង កំពុងផ្ទុះការចែកចាយដំណឹងដ៏ភ្ញាក់ផ្អើលមួយ ដោយព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateen នឹងត្រូវរៀបអភិសេកនៅខែមករា ឆ្នាំ ២០២៤ ខាងមុខនេះហើយ។
បើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិប្រចាំប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ បានឱ្យដឹងថា ព្រះអង្គម្ចាស់ Abdul Mateen នឹងរៀបអភិសេកជាមួយនាង Anisha Rosnah Adam ដែលត្រូវជាចៅស្រីទីប្រឹក្សាពិសេសរបស់ព្រះមហាក្សត្រ ក្នុងពិធីបែបវង្សត្រកូលមហាក្សត្រយ៉ាងឱឡារិក និង អធិកអធមបំផុត។
ពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់រូបសង្ហា Mateen នឹងប្រព្រឹត្តធ្វើឡើងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤ តទៅ ដោយរួមមានពិធីជាច្រើន បូករួមទាំងពិធីរៀបអភិសេកបែបប្រពៃណីសាសនា ពិធីទទួលភ្ញៀវពិសាភោជនាហារ និង ក្បួនដង្ហែជុំវិញក្រុង Bandar Seri Begawan ជាដើម៕