អង្គុយហូបបាយក្រោមសំឡេងគ្រាប់ផ្លោង យុវជនកម្ពុជាមួយរូបពោលថា ទាល់តែធ្លាប់ឆ្លងកាត់ទើបដឹងសន្តិភាពមានតម្លៃប៉ុនណា
កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនស្ទើរទូទាំងពិភពលោកមានក្តីរន្ធត់ និង ការសោកស្តាយជាពន់ពេកនូវដំណឹងដ៏រន្ធត់សោកសង្រេងយ៉ាងខ្លាំង ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និង កងទ័ពអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ប្រទេសអ៊ីស្រាអែល។
ក្នុងហេតុការណ៍ប្រយុទ្ធគ្នាដែលផ្ទុះឡើងចាប់តាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ មកដល់ពេលនេះ ក៏មានមនុស្សរងរបួស និង បាត់បង់ជីវិតជាច្រើននាក់ ដោយក្នុងនោះក៏មាននិស្សិតខ្មែរមួយរូបបានបាត់បង់ជីវិតផងដែរ។
ដោយឡែក ស្របពេលការវាយប្រហារកំពុងតែបន្តកើតមានឡើង ក្រឡេកមើលយុវជនកម្ពុជាមួយរូបឈ្មោះ Chou VireakPheap ដែលជាកងទ័ពកម្ពុជា ជ្រកក្រោមស្លាក UN និង កំពុងស្ថិតក្នុងហេតុការណ៍នោះ បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ក្នុងកាលៈទេសៈកំពុងបំពេញបេសកកម្មមួយថា ៖ «ទាល់តែធ្លាប់ឆ្លងកាត់នៅពេលវេលាមួយនេះ ទើបដឹងថាតម្លៃនៃសន្តិភាពមានតម្លៃប៉ុនណាសម្រាប់ប្រទេសជាតិនីមួយៗ។ គ្មានប្រទេសណាមួយចង់ឱ្យមានសង្រ្គាមនោះទេ ដូច្នេះហើយមេត្តាកុំដៀមដាមពាក្យថា អរគុណសន្តិភាព។ នេះជាលើកទី ១ ក្នុងឆាកជីវិតហើយ ដែលហូបបាយក្រោមសូរសំឡេងគ្រាប់ផ្លោងធ្លាក់ មិនមែននៅទីលានហ្វឹកហាត់ទេ តែនេះគឺនៅទីលានជាក់ស្តែងផ្ទាល់ដោយការវាយប្រហាររវាងប៉ាឡេស្ទីន+លីបង់ ជាមួយ អ៊ីស្រាអែល»៕