បុណ្យភ្ជុំនេះ! ឡានក្រុងរដ្ឋ ១២០ គ្រឿង ត្រៀមដឹកអ្នកទៅសៀមរាប ឥតគិតលុយមួយរៀល
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានី នឹងត្រៀមរៀបចំរថយន្តក្រុងចំនួន ៤៥៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ ថ្ងៃ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ ដោយមិនបង់ប្រាក់។
តាមរយៈការរៀបចំបែបនេះ ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនី សិស្សនិស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
ក្នុងនោះ សម្រាប់ពលរដ្ឋ ដែលត្រូវធ្វើដំណើរ ទៅកាន់ខេត្តសៀមរាប ខាងរដ្ឋបាលរាជធានី បានបញ្ជាក់ពីទីតាំងធ្វើដំណើរឱ្យបានដឹងថា ការធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប មានរថយន្តក្រុងត្រៀមចំនួន ១២០ គ្រឿង ចេញពីគោលដៅ ដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រាជធានីភ្នំពេញ ចាប់បីម៉ោង ៦:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក៕