ជប៉ុនចាក់បង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ពីរោងចក្រនុយក្លេអ៊ែរ Fukushima ជាលើកទី ២
បើតាមសារព័ត៌មានរបស់ប្រទេសជប៉ុន ដំណាក់កាលទី ២ នៃការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima បានចាប់ផ្ដើមហើយ នៅវេលាម៉ោងប្រមាណ ១០ និង ៣០ នាទីព្រឹកថ្ងៃទី ០៥ ខែតុលា នេះ (ពេលវេលាក្នុងតំបន់) ហើយរំពឹងថានឹងបន្តរហូតដល់ថ្ងៃទី ២៣ ខែតុលា ខាងមុខនេះ។
បើតាមការគណនាបរិមាណសរុបទាំងអស់ គឺប្រមាណជា ៧ ៨០០ តោន ជិតស្មើនឹងចំនួនបង្ហូរចោលនៅដំណាក់កាលទី ១ ដែរ ហើយចំនួនបង្ហូរចោលប្រចាំថ្ងៃ គឺប្រមាណ ៤៦០ តោន។ គួរឱ្យដឹងថា រដ្ឋាភិបាលប្រទេសជប៉ុន រដ្ឋាភិបាលក្រុង Fukushima និង ក្រុមហ៊ុនថាមពលអគ្គិសនីប្រចាំក្រុងតូក្យូ បានពិនិត្យវាយតម្លៃលើកំហាប់ tritium ក្នុងទឹកសមុទ្រ និង ត្រីជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរជាប្រចាំ តាំងពីការបង្ហូរចោលលើកដំបូងមកម្ល៉េះ ដោយពួកគេរកឃើញថា គ្មានបញ្ហាអ្វីខុសប្រក្រតីកើតមានឡើងនោះឡើយ។
ជាក់ស្ដែង កាលពីម្សិលមិញ ខាងក្រុមហ៊ុនថាមពលអគ្គិសនីប្រចាំក្រុងតូក្យូ ក៏បានវាស់ស្ទង់កំហាប់ tritium និង ទឹកកាកសំណល់ ដោយលទ្ធផលបង្ហាញថា កំហាប់ tritium ក្នុងទឹកកាកសំណល់នោះ គឺស្ថិតក្នុងកម្រិតសុវត្ថិភាពនោះទេ៕