លេចធ្លាយមូលហេតុថ្មី ធ្វើឱ្យជនបង្កអាយុ ១៤ ឆ្នាំ បែកគំនិតធ្វើសកម្មភាពស្មានមិនដល់ក្នុងផ្សារទំនើបមួយ នៅបាងកក
កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ប្រទេសថៃ បានផ្ទុះផ្អើលនឹងហេតុការណ៍បាញ់សម្លាប់ថ្មីមួយ ដោយមានក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានកាន់កាំភ្លើងបាញ់រះនៅក្នុងផ្សារទំនើប Siam Paragon បណ្តាលឱ្យស្លាប់មនុស្សអស់ ៣ នាក់ និង របួសជាច្រើនទៀត។
ក្រោយពីកើតហេតុភ្លាមៗ ក្មេងប្រុសជាជនបង្កហេតុខាងលើត្រូវបានប៉ូលិសចាប់ខ្លួនបាន រួចក៏បញ្ជូនទៅធ្វើការសួរនាំរកមូលហេតុ ដោយមូលហេតុដំបូងគឺគេបានឱ្យដឹងថាជនបង្កវក់ជាមួយនឹងហ្គេមបាញ់គ្នាខ្លាំងពេក ទើបដល់ថ្នាក់យកមកប្រព្រឹត្តក្នុងជីវិតពិត។ យ៉ាងណាមិញ បើតាមការស៊ើបពិនិត្យល្អិតល្អន់នោះ តាមពិតគេសង្ស័យមូលហេតុចូលរួមដែលជំរុញឱ្យខ្មាន់កាំភ្លើងវ័យក្មេងរូបនេះ ហ៊ានប្រព្រឹត្តនោះ គឺដោយសារតែម្តាយដាក់សម្ពាធរឿងការសិក្សាខ្លាំងពេក។
ក្នុងនោះ ម្តាយបានបង្ខំឱ្យជនបង្ករៀនច្រើនតាំងពីក្មេង ដើម្បីឱ្យបានប្រឡងចូលសាលារៀនល្បី។ លុះបានចូលហើយ លទ្ធផលការសិក្សាមុខវិជ្ជាគណិតវិទ្យាក៏មិនសូវល្អ ខាងសាលាក៏បានរាយការណ៍មកឪពុកម្តាយជាប្រចាំ។ ឯម្តាយឃើញបែបនេះ ក៏បានបង្ខំឱ្យកូនប្រឹងរៀនឡើងវិញ តែពេលម្តាយនិយាយរឿងរៀនពេលណា ជនបង្កក៏តែងតែផ្ញើវីដេអូដែលខ្លួនហាត់បាញ់កាំភ្លើងឱ្យម្តាយរហូត តែម្តាយបែរជាមិនចាប់អារម្មណ៍ ព្រោះដឹងថាកូនតែងទៅកន្លែងបាញ់កាំភ្លើងលេងជាមួយមិត្តភក្តិជានិច្ច។
យ៉ាងណាមិញ សរុបមក គេសង្ស័យថាជនបង្កត្រូវបានគ្រួសារឪពុកម្តាយដាក់សម្ពាធរឿងរៀនជាប្រចាំ រហូតដល់កើតការស្រ្តេស ទើបឈានដល់ការដើរបាញ់សម្លាប់ ដើម្បីរំសាយអារម្មណ៍៕