ល្អណាស់! សាលាដំណាក់ក្សាន្ត នៅបាត់ដំបង ដែលសិស្សអង្គុយរៀនទាំងលិចទឹកនោះ ត្រូវក្រសួងអប់រំសម្រេចសង់អគារថ្មី ១ ខ្នងឱ្យ
នៅរសៀលថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ នេះ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្តីបំភ្លឺ ករណីសាលាបឋមសិក្សាដំណាក់ក្សាន្ត ឱ្យបានដឹងថា នាព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ នៅក្នុងបណ្តាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និង សិស្សកំពុងបង្រៀន និង រៀនក្នុងរោងដោល ដោយមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និង លិចរោងដោល ស្របពេលដែលគ្រូ និង សិស្សកំពុងបង្រៀន និង រៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និង អនុញ្ញាតឱ្យគ្រូ និង សិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និង សាលារៀនអាចដំណើរការបង្រៀន និង រៀនជាធម្មតា។
ក្រសួងបានបញ្ជាក់ឱ្យដឹងទៀតថា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សាក្រសួងអប់រំ យុវជន និង កីឡាសម្រេច សាងសង់អគារសិក្សាថ្មី ១ ខ្នង ៥ បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និង អាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀន និង បង្រៀនកាន់តែប្រសើរនាពេលខាងមុខ។
គួរឱ្យដឹងផងដែរថា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ ខ្នង ៥ បន្ទប់ និង មានរោងដោល ១ ខ្នង ១ បន្ទប់, គ្រូបង្រៀនសរុប ៧ នាក់ ស្រី ២ នាក់ និងមានសិស្សសរុប ៣៦៦ នាក់ ស្រី ១៧៤ នាក់ ចែកចេញជា ១២ ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និង ចំនួនថ្នាក់រៀនគឺសាលានៅខ្វះបន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និង បណ្ណាល័យ ជាដើម។ ក្រសួងសូមជម្រាបជូនបន្ថែមថា ដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យតម្រូវការអគារសិក្សាមានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាលបានសាងសង់អគារសិក្សាជាច្រើន រួមទាំងអគារសិក្សារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផងដែរ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖