កំណាត់ផ្លូវមួយចំនួនក្នុងខេត្តសៀមរាប ត្រូវប្រកាសផ្អាកចរាចរណ៍បណ្ដោះអាសន្ន ព្រោះជំនន់ទឹកភ្លៀង
នៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ នេះ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប បានប្រកាសជូនដំណឹងជាសាធារណៈថា ដោយយោងលើស្ថានភាពទឹកភ្លៀង ក្នុងវដូវវស្សាឆ្នាំ ២០២៣ នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង អាចបង្កឱ្យមានផលប៉ះពាល់ ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់-ស្ពាន។
ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀង ដែលបាន និង កំពុងជន់ឡើង ជាហេតុបណ្ដាលឱ្យ លិចលង់នៅតាមកំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន ដូចនេះដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និង ទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប បានប្រកាសផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក- អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ), ផ្លូវជាតិលេខ ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ ២៦៦ C (ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ ២៦៦ (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្តលេខ ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មាន សេចក្តីជូនដំណឹងសារជាថ្មី៕