ខាងស្រីពិការទម្ងន់ត្រឹម ២០ គីឡូ តែស្គាល់គ្នាប៉ុន្មានខែ ខាងប្រុសបាក់ចិត្តស្រឡាញ់ចូលស្តីរៀបការផ្អើលភូមិ
រឿងរ៉ាវស្នេហារបស់គូស្នេហ៍វៀតណាមមួយគូ បានធ្វើឱ្យមហាជនផ្ទុះការសរសើរ ព្រមទាំងរំជួលចិត្ត ព្រោះជាស្នេហ៍ពិត ដោយខាងប្រុសស្រឡាញ់ពេញចិត្តខាងស្រីជាមនុស្សពិការទម្ងន់ត្រឹម ២០ គីឡូក្រាម ថែមទាំងដឹកដៃនាងចូលរោងការផ្អើលអស់គេឯងទៀត។
តាមព័ត៌មានបានឱ្យដឹងថា ទាំងគូនេះទើបតែស្គាល់គ្នាមិនបានប៉ុន្មានខែនោះទេ តែពួកគេពិតជាចុះសម្រុង និង យល់ពីគ្នាបានល្អណាស់ ហើយអ្វីដែលធ្វើឱ្យខាងប្រុសពេញចិត្តបំផុតនោះ គឺអត្តចរិតគួរឱ្យស្រឡាញ់ និង ចិត្តល្អរបស់ខាងស្រី។ មិនយូរប៉ុន្មានពួកគេក៏បានសម្រេចចិត្តភ្ជាប់ពាក្យ និង រៀបការជាមួយគ្នា ប្រើប្រាស់ជីវិតជាប្តីប្រពន្ធពេញសិទ្ធិ ដោយការចូលរួម និង ការគាំទ្រជាច្រើនពីសំណាក់ញាតិមិត្តទាំងសងខាង។
យ៉ាងណាមិញ ក្រុមគ្រួសារបស់ខាងប្រុស ជាពិសេសអ្នកម្តាយ ពិតជាស្រឡាញ់ពេញចិត្តកូនប្រសាស្រីរូបនេះណាស់ ដោយមិនគិតពីរូបរាងខាងក្រៅឡើយ ពោលគឺគាំទ្រឱ្យកូនស្រឡាញ់គ្នាយ៉ាងអស់ពីចិត្ត។ ដោយឡែក កូនក្រមុំបានទម្លាយអារម្មណ៍ពីក្នុងចិត្តថា នាងពិតជាមានក្តីសុខជាមួយការរៀបការនេះណាស់ នាងអរគុណដល់គ្រប់គ្នាដែលបានលើកទឹកចិត្ត និង ជូនពរនាង ហើយសម្រាប់ការរិះគន់ នាងមិនដែលខ្វល់ជាមួយឡើយ នាងមិនបណ្តោយឱ្យពាក្យសម្តីទាំងនោះមកប៉ះពាល់ដល់ក្តីសុខរបស់នាងនោះទេ៕