ខ្សែភាពយន្ត យកលំនាំតាមសោកនាដកម្មផ្ទុះនាវាមុជទឹក Titan កំពុងដំណើរការផលិតហើយ
ខ្សែភាពយន្តថ្មី ដែលរៀបរាប់អំពីដំណើរនៃសោកនាដកម្មផ្ទុះនាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate ត្រូវបានឱ្យដឹងថា កំពុងដំណើរការផលិតហើយ បើទោះជាផ្ទុះការរិះគន់ដូចព្យុះយ៉ាងណាក៏ដោយ។
តាមសារព័ត៌មាន Deadline បានឱ្យដឹងថា គម្រោងខ្សែភាពយន្តថ្មីនេះដែរ មានចំណងជើងថា «Salvage» ផលិតដោយ MindRiot Entertainment ដែលភាពយន្តនេះ នឹងរៀបរាប់ដំណើរនៃនាវាមុជទឹកនោះ តាំងពីមុនកើតហេតុ អំឡុងពេលកើតហេតុ និង ក្រោយពេលកើតហេតុ។
ភាពយន្តនេះដែរ នឹងត្រូវបានសហការសរសេរដោយ Justin MacGragor និង Jonathan Keasey ខណៈលោក E.Brian Dobbins គឺជាអ្នកសហការដឹកនាំផលិត។ យ៉ាងណាមិញ ចំពោះតួអង្គ និង ដំណើរលម្អិតនៃរឿង គឺនៅមិនទាន់មានការបង្ហាញនៅឡើយទេ។
គួររំឭកថា កាលពីចុងខែមិថុនា កន្លងទៅ នាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានជួបសោកនាដកម្មផ្ទុះនៅបាតសមុទ្រ ដែលបណ្ដាលឱ្យមនុស្សចំនួន ៥ នាក់លើនាវានោះត្រូវបាត់បង់ជីវិតទាំងអស់៕