ចាំក្មេងប្រុសសាច់ដុំអាយុ ៥ ឆ្នាំរូបនេះទេ? កន្លងទៅជាង ១០ ឆ្នាំ ពេលនេះពេញកំលោះស្តូក ហើយសង្ហាទៀត
កាលពីឆ្នាំ ២០០៩ កន្លងទៅ Giuliano Stroe ជាក្មេងប្រុសមកពីប្រទេសរ៉ូមែន បានបំបែកកំណត់ត្រា Guinness World Records ជាក្មេងប្រុសដែលមានរាងកាយរឹងមាំជាងបង្អស់ក្នុងលោក ដែលពោរពេញទៅដោយសាច់ដុំណែនៗនៅអាយុត្រឹម ៥ ឆ្នាំប៉ុណ្ណោះ។
តាមព័ត៌មានបានឱ្យដឹងថា Giuliano បានចាប់ផ្តើមហាត់ប្រាណយ៉ាងជាប់លាប់តាំងពីអាយុ ២ ឆ្នាំមកម្ល៉េះ ដោយប្រើប្រាស់ឧបករណ៍លើកទម្ងន់របស់ឪពុក។ រហូតមកដល់អាយុ ៥ ឆ្នាំ ក៏បានមកជាប់កំណត់ត្រា Guinness World Records ដោយការ Push Up ចំនួន ១៣២ ដង និង ដើរដោយអូសដុំដែកបានលឿនបំផុត។
យ៉ាងណាមិញ កាលនោះ Giuliano បានទទួលការចាប់អារម្មណ៍ច្រើនណាស់នៅលើបណ្តាញសង្គម រួចក៏បាត់មុខទៅវិញទៅ រហូតដល់ថ្មីនេះរំលងទៅជាង ១៤ ឆ្នាំ គេក៏បានទម្លាយខ្លួនជាថ្មី ដែលធ្វើមានការភ្ញាក់ផ្អើលខ្លាំងណាស់។
ដោយមកទល់ពេលនេះ Giuliano មានអាយុ ១៩ ឆ្នាំទៅហើយ ពោលគឺពេញកំលោះស្តូកតែម្តង ឯចំណែករាងកាយវិញក៏នៅតែរឹងមាំសង្ហាដូចដើម ហើយគេក៏នៅតែចូលចិត្តស្រឡាញ់ការហាត់ប្រាណដដែល។ ដោយឡែក Giuliano បានបង្កើតគណនី TikTok ដែលមានមនុស្សតាមដានដល់ទៅ ៣៩១ ០០០ នាក់ ដែលភាគច្រើន Giuliano បានធ្វើវីដេអូទាក់ទងនឹងការហ្វឹកហាត់កម្លាំងកាយរបស់ខ្លួន ព្រមទាំងការលើកទឹកចិត្តអ្នកដទៃឱ្យចាប់អារម្មណ៍ក្នុងការហាត់ប្រាណផងដែរ៕