យាយគេយាយយើង! វ័យ ៧០ ឆ្នាំហើយ ស៊ូអង្គុយលក់បន្លែហាលសន្សើម ដើម្បីចិញ្ចឹមជីវិត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាសម្ដែងក្ដីរំជួលចិត្ត ក្រោយបានជ្រាបករណីដូនចាស់មួយរូប មានវ័យ ៧០ ឆ្នាំហើយ ពុំបានសម្រាកសោយសុខដូចជីវិតគេដទៃនោះឡើយ មានតែខំប្រឹងលក់បន្លែត្រុកៗដើម្បីបំពេញក្រពះ ក៏ដូចជាដើម្បីជីវភាពដែលកំពុងខ្វះខាតខ្លាំង។
រឿងរ៉ាវដ៏កម្សត់របស់ដូនចាស់វ័យ ៧០ ឆ្នាំរូបនេះ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះ Eav Vuthy បានបញ្ជាក់ដូច្នេះថា ៖ «ចប់ពីកម្មវិធី ឆ្លៀតចូលផ្សារ! ម្ដាយយើង ម្ដាយគេ ឃើញហើយពិតជាអាណិតលោកយាយណាស់! នាងខ្ញុំបានជូនថវិកា និងជូនអាហារឱ្យលោកយាយពិសា ព្រមទាំងជួយទិញបន្លែគាត់មួយចំនួន។ លោកយាយបានរៀបរាប់ពីទុក្ខលំបាកអត់អង្ករ ដាំបាយហូប ខ្ញុំបានសន្យាជាមួយលោកយាយថា និងយកអង្ករជូនលោកយាយ ១ បេទៀត»។
តាមរយៈប្រភពខាងលើ បានឱ្យដឹងទៀតថា លោកយាយឈ្មោះ គង់ យេន អាយុ ៧០ ឆ្នាំ រស់នៅ ភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ លោកយាយតែងមកលក់បន្លែបន្តិចបន្តួចនៅផ្សារកំពង់ប្រណាក សព្វថ្ងៃលោកយាយរស់នៅជាមួយកូន អាយុ ៤០ ឆ្នាំ និងមានចៅ ៤ នាក់ ដោយជីវភាពខ្វះខាតខ្លាំង ទើបលោកយាយតែងតែមកលក់ជារៀងរាល់ថ្ងៃបែបនេះ៕
ប្រភព ៖ Eav Vuthy