ព្រះអើយ! ភ្នំកាហ្វេដ៏ល្បីនៅភ្នំ ១៥០០ ខេត្តពោធិ៍សាត់ ត្រូវទឹកហូរយករោងកាហ្វេ និង សម្ភារទៅបាត់ឈឹង
ភ្នំកាហ្វេ ជាទីតាំងដែលមានទេសភាពព័ទ្ធជុំវិញទៅដោយភ្នំ និង មានទឹកជ្រោះហូរកាត់នៅខាងក្រោយហាងកាហ្វេតែម្ដង ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលប្រិយមិត្តអាចអង្គុយញ៉ាំកាហ្វេ គយគន់ទេសភាពនៅចង្កេះភ្នំយ៉ាងស្រស់ត្រកាល ជាទីតាំងរួមចំណែកក្នុងវិស័យទេសចរណ៍ជាតិ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
គួរឱ្យសោកស្ដាយ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បើតាមការឱ្យដឹងពីគណនីមួយដែលមានឈ្មោះ Phann Vireakboth បានបញ្ជាក់ឱ្យបានដឹងថា ត្រឹម ២០ នាទីកម្លាំងទឹកហូរបាននាំយករោងកាហ្វេ និង សម្ភារទាំងអស់បាត់ស្រមោលឈឹង។
បើតាមការឱ្យដឹងពីប្រភពខាងលើ ភ្នំកាហ្វេ ស្រុកវាលវែង ៣ ឆ្នាំហើយ ដែលអ្នកបានរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់ការអភិវឌ្ឍន៍សហគមន៍ភ្នំ ១៥០០ ឱ្យមានចរន្តសេដ្ឋកិច្ច ជាពិសេសផ្នែកទេសចរណ៍មួយចំណែកសម្រាប់ខេត្តពោធិ៍សាត់ ពេលនេះត្រូវផ្អាកមួយរយៈពេលខ្លី ព្រោះរងការខូចខាតខ្លាំងដោយសារជំនន់ទឹកភ្លៀង៕