ទើបអាយុ ១៥ ឆ្នាំ អឿចង់អួតថាឡូយ ទៅឡើងជាន់ឡានទំនើបគេរួចថតបង្ហោះ មានអីម្ចាស់គេខឹងប្តឹងទារលុយប៉ោងខោ
ថ្មីៗនេះ មានរឿងរ៉ាវរបស់ក្មេងប្រុសអាយុ ១៥ ម្នាក់ ដែលទៅឡើងជាន់ឡានទំនើបរបស់គេ ដើម្បីថតបង្ហោះអួតក្នុងបណ្តាញសង្គម ស្រាប់តែម្ចាស់គេតាមទាន់ គេខឹងប្តឹងទារលុយមិនចេះតិច ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសចិន ដោយព័ត៌មានបានឱ្យដឹងថា មានក្រុមក្មេងមួយក្រុមបានចូលទៅកន្លែងចតឡានក្រោមដីរបស់សណ្ឋាគារមួយកន្លែង ដើម្បីរកឡានទំនើប រួចថតអួតបង្ហោះ។ ក្នុងនោះមានក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ បានយកជើងទៅជាន់លើឡានទំនើបម៉ាក Lamborghini ពណ៌ខ្មៅមួយគ្រឿង ព្រមទាំងឱ្យមិត្តភក្តិក្នុងក្រុមថតផុសទៅក្នុងបណ្តាញសង្គម។
មិនយូរប៉ុន្មានវីដេអូនេះក៏បានទៅដល់ម្ចាស់ឡាន គេបានពិនិត្យឡានខ្លួនមើលទៅ ដូចជាឃើញមានស្នាមជើងនៅលើនោះ ទើបបានទៅរកភស្តុតាងបន្ថែមជាវីដេអូពីកាមេរ៉ាសុវត្ថិភាពរបស់សណ្ឋាគារ ក៏ឃើញក្មេងប្រុសនោះ មិនត្រឹមតែជាន់ទេ ថែមទាំងស្តោះទឹកមាត់ដាក់ឡានខ្លួនទៀត។
អ្វីដែលធ្វើឱ្យម្ចាស់ឡានខឹងបំផុតនោះ គឺខាងប៉ូលិសបានទាក់ទងទៅខាងគ្រួសាររបស់ក្មេងប្រុសដើម្បីមកចរចា តែគ្មានអ្នកណាអើពើមកទេ ថែមទាំងនាំគ្នាបោះពាក្យសម្តីឌឺដងមកទៀត ធ្វើឱ្យម្ចាស់ឡានសម្រេចចិត្តតាមប្តឹងឱ្យដល់ទីបញ្ចប់។ ចំណែកឡានវិញ ក្រោយពីយកទៅឱ្យអ្នកជំនាញពិនិត្យមើល ក៏ឃើញថានឹងត្រូវចំណាយអស់ជិត ២៥០០០ ដុល្លារឯណោះក្នុងការជួសជុល ហើយបើសិនជាខាងក្មេងប្រុសបដិសេធមិនព្រមសង ម្ចាស់ឡាននឹងប្តឹងឱ្យអស់ដៃទៅតាមផ្លូវច្បាប់ហើយ៕