ក្ដៅៗ! ពន្ធដារ បញ្ជាក់ច្បាស់ៗជុំវិញការផ្អើលថាមានការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយធនាគារ
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺ ដោយច្រានចោលការលើកឡើងមិនពិតថា មានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ។ នេះបើតាមសេចក្តីបំភ្លឺដែលទទួលបានពីបណ្តាញសារព័ត៌មានក្នុងស្រុកមួយ ទទួលបាននៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។
ចំពោះការច្រានចោលនេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ដូច្នេះថា ៖ «មានការលើកឡើងថា មានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ ដែលនេះជាការលើកឡើងមិនត្រឹមត្រូវនោះទេ ហើយអគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺបញ្ជាក់ថា យោងតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ពុំមានការកំណត់ណាមួយតម្រូវឱ្យយកពន្ធ ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះទេ»។
ទន្ទឹមគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និង លើកទឹកចិត្តដល់សាធារណជនទាំងអស់ សូមធ្វើការឈ្វេងយល់ពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាន និងចែករំលែកបន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និង នាំឱ្យសាធារណជនមានការយល់ច្រទ្បំ។ ក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬ កម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
ប្រភព ៖ Fresh News