ទិញ iPhone 15 ជូនឪពុកប្រើទាន់ខែភ្លឺ ស្រាប់តែប្រពន្ធខឹងតូងរករឿងឈ្លោះ មានអីប្តីប្តឹងសុំលែងចោលភ្លែត
ថ្មីៗនេះ សារព័ត៌មាន ctwant របស់ចិន បានទម្លាយពីរឿងរ៉ាវប្រេះស្រាំរបស់គូប្តីប្រពន្ធមួយគូ ដែលឈ្លោះបែកបាក់គ្នាដោយសារតែខាងប្តីទិញទូរស័ព្ទ iPhone 15 ចេញថ្មីជូនឪពុក មុនទិញឱ្យប្រពន្ធ។
បុរសជាប្តីបានរៀបរាប់នៅតាមបណ្តាញសង្គមថា ខ្លួនមានឪពុកជាមនុស្សស្វិតកំណាញ់ណាស់ ហើយទូរស័ព្ទទំនើបដែលគាត់បានប្រើដំបូងគឺ iPhone 6plus ដែលប្រើរហូតមកទល់ឥឡូវ ទើបតែខូចទៅកាលពីខែមុនប៉ុណ្ណោះ។ ដូច្នេះហើយទើបខ្លួនក៏សម្រេចចិត្តទិញទូរស័ព្ទថ្មីជូនដែលជា iPhone 15 ជាសេរីចុងក្រោយបង្អស់ ហើយក៏មិននឹកស្មានថាការទិញនេះធ្វើឱ្យខ្លួនមានជម្លោះជាមួយប្រពន្ធដែរ។
ក្នុងនោះ ស្រ្តីជាប្រពន្ធបានមករករឿងខ្លួនថាហេតុអ្វីមិនទិញទូរស័ព្ទឱ្យនាងមុន ព្រោះមនុស្សចាស់មិនចេះប្រើនោះទេ ប្រើទៅក៏គ្មានប្រយោជន៍អ្វីដែរ។ បុរសខាងលើឮហើយពិតជាហួសចិត្ត និង ក្តៅក្រហាយជាខ្លាំង ព្រោះរាល់ដងឱ្យតែចេញសេរីថ្មីក៏ប្តូរឱ្យនាងរហូត ហើយគ្រាន់តែទិញឱ្យឪពុកម្តងសោះ បែរជាមករករឿងទៅវិញ។
យ៉ាងណាមិញ ដោយសារតែទ្រាំមិនបាន និង គិតថាប្រពន្ធចិត្តមិនបានជាមួយឪពុកខ្លួន បុរសជាប្តីក៏ដាច់ចិត្តបានសុំប្រពន្ធលែងលះភ្លាមៗ បើទោះជានាងអង្វរកយ៉ាងក៏ដោយ ហើយក៏អរគុណទៅដល់ iPhone 15 ដែរ ដែលធ្វើឱ្យខ្លួនស្គាល់ចរិតប្រពន្ធច្បាស់ដូចថ្ងៃបែបនេះ៕