ឈប់យល់ច្រឡំ! អាជ្ញាធរជាតិអប្សរាបញ្ជាក់ច្បាស់ជុំវិញការថតរូបនៅប្រាសាទអង្គរ គឺមិនបានហាមឃាត់ទេ តែត្រូវដាក់ពាក្យស្នើសុំមុន
កាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការថតរូបភាព ឬ វីដេអូ នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
ជាក់ស្ដែង ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬ វីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬ លក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និង វប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និង សម្បត្តិវប្បធម៌ដ៏អស្ចារ្យ ប៉ុន្តែក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គង ដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និង អាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និង ជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និង សាធារណជនទាំងអស់ តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ចំពោះគោលបំណងមួយចំនួន ដូចមានបញ្ជាក់ជូនខាងក្រោម ដើម្បីអនុញ្ញាតឱ្យមន្ត្រីជំនាញមានលទ្ធភាពពិនិត្យជាមុននូវទិដ្ឋភាពបច្ចេកទេសមួយចំនួន ដូចជាខ្លឹមសារផ្សព្វផ្សាយ និង សម្ភារប្រើប្រាស់ ជាដើម ៖
• ការថតរូបភាព ថតភាពយន្ត ឬ វីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬ បង្កើតអាជីវកម្មនានា។
• ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីពិនិត្យភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ ហើយការថតបែបនេះមិនមានការបង់ប្រាក់នោះទេ។
• ការថតវីដេអូផ្សាយបន្តផ្ទាល់ ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាតាមប្រព័ន្ធអនឡាញជូនទៅអតិថិជនរបស់ខ្លួន ក៏មិនមានបង់ប្រាក់ដែរ។
យ៉ាងណាមិញ រាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចទាក់ទងទៅមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា រៀងរាល់ម៉ោងបំពេញការងារ ហើយអាជ្ញាធរជាតិអប្សរានឹងឆ្លើយតបទៅម្ចាស់សំណើវិញ ក្នុងរយៈពេល ៥ ថ្ងៃនៃថ្ងៃធ្វើការងារយ៉ាងយូរ៕