ពេលអ្នកភូមិរៃលុយធ្វើផ្លូវអត់ឱ្យមួយរៀល ហើយបោះសម្ដីថាគ្មានប្រយោជន៍ ដល់កូនការ គេនាំគ្នាបិទផ្លូវមិនឱ្យឡានជិះកាត់
រឿងរ៉ាវមួយនៅខេត្តហឺណាន ប្រទេសចិន ដែលឡានកូនកំលោះក្នុងថ្ងៃមង្គលការមួយ ត្រូវបានអ្នកភូមិហាមមិនឱ្យជិះកាត់ផ្លូវ ដោយសារតែគ្រួសារធ្លាប់ដៀលគេថាធ្វើផ្លូវគ្មានប្រយោជន៍ កំពុងតែផ្ទុះផ្អើលនៅក្នុងបណ្តាញសង្គម។ តាមព័ត៌មានបានឱ្យដឹងថា មានអ្នកស្រុកជាច្រើន បាននាំគ្នាមកយកឡានចូករបស់ខ្លួនមកហាមក្បួនឡាន របស់មង្គលការមួយមិនឱ្យបើកបរទៅមុខទៀត។
សម្រាប់មូលហេតុវិញ គឺកាលនោះអ្នកស្រុកអ្នកភូមិបានបបួលគ្នាធ្វើផ្លូវ សម្រាប់ឱ្យមានការងាយស្រួលក្នុងការធ្វើដំណើរ ដោយពួកគេម្នាក់ៗ អ្នកខ្លះជួយជាកម្លាំង អ្នកខ្លះជួយជាប្រាក់បរិច្ចាគម្នាក់បន្តិចបន្តួច ដើម្បីឱ្យមានផ្លូវនេះឡើង។ តែក្នុងនោះ មានតែគ្រួសាររបស់កូនកំលោះនេះប៉ុណ្ណោះ ដែលបដិសេធមិនជួយគេសោះ ពោលគឺមិនជួយទាំងប្រាក់ មិនជួយទាំងកម្លាំង ហើយថែមទាំងឆ្លៀតដៀលទៀតថា ធ្វើផ្លូវនេះបំផ្លាញទាំងលុយ បំផ្លាញទាំងពេលវេលា ព្រមទាំងបានប្រកាសថា បើទិញឡាននៅថ្ងៃអនាគត នឹងមិនខ្ចីប្រើផ្លូវនេះឡើយ សុខចិត្តចតកន្លែងផ្សេង ហើយដើរចូលផ្ទះវិញ។
យ៉ាងណាមិញ ដូចនេះហើយ ទើបអ្នកស្រុកក៏បាននាំគ្នាមកទារសន្យា ដោយបានយកឡានមកឃាំង មិនឱ្យកូនកំលោះបានជិះឡានហែរចូលទៅក្នុងផ្ទះរបស់ខ្លួនឡើយ ហើយសមនឹងភាពអំនួតរបស់គ្រួសារគេនោះឯង។ ដោយឡែក ក្រោយពីរឿងនេះ ត្រូវបានគេចែកចាយទៅ មានមហាជននាំគ្នាចូលមកបញ្ចេញមតិ អ្នកខ្លះក៏គិតថាគ្រួសារកូនកំលោះសមមុខហើយដែលទទួលរឿងបែបនេះ ឯអ្នកខ្លះទៀតក៏គិតថាពួកអ្នកភូមិក៏មិនខុសពីគ្រួសារកូនកំលោះឡើយ ព្រោះនៅមានគំនិតសងសឹកទើសទាល់នៅក្នុងចិត្ត៕