គីឡូ ៤៩ ល្មមស្អាតហើយ តែជឿមាត់អ្នកជិតខាងថាធាត់ វឹងទៅសម្រកសល់ត្រឹម ៣៥ គីឡូ ចុងក្រោយចូលពេទ្យញឹក
ថ្មីៗនេះ មានរឿងរ៉ាវមួយរបស់សិស្សស្រីអាយុ ១៦ ឆ្នាំម្នាក់ ដែលមកពីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន នាងត្រូវមនុស្សម្នាមាក់ងាយថាឱ្យជាមនុស្សធាត់ ធ្វើឱ្យកើតទៅជាសម្ពាធរហូតនាងត្រូវរត់ទៅសម្រកគីឡូអស់ ១៤ គីឡូ ត្រឹមរយៈពេល ៦ ខែ ចុងក្រោយប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
ដើមឡើយក្មេងស្រីរូបនេះ មានកម្ពស់ ១៦៣ សង់ទីម៉ែត្រ និង ទម្ងន់ចំនួន ៤៩ គីឡូក្រាម ដែលនាងមិនដែលមានអារម្មណ៍ថាខ្លួនឯងធាត់ឡើយ តែក្រោយៗមកស្រាប់តែមានអ្នកមកថាឱ្យនាងធាត់នេះធាត់នោះ រហូតដល់នាងសម្រេចចិត្តទៅសម្រកទម្ងន់។ នាងចាប់ផ្តើមគ្រប់គ្រងការញ៉ាំរបស់ខ្លួនយ៉ាងតឹងរ៉ឹង ដោយអត់ញ៉ាំសាច់ ហើយទម្ងន់របស់នាងក៏បានស្រកចុះទៅៗ រហូតដល់នាងចាប់ផ្តើមធុញ និង ខ្លាចការញ៉ាំអាហារ ឯសក់ក៏ជ្រុះ ដេកក៏មិនលក់ និង គ្មានសូម្បីកម្លាំងក្នុងការដើរ។
មកទល់ពេលនេះទម្ងន់របស់នាងនៅសល់ត្រឹម ៣៥ គីឡូប៉ុណ្ណោះ តែនាងត្រូវផ្អាកការរៀនសូត្រ ដើម្បីចូលមន្ទីរពេទ្យព្យាបាល ហើយនាងក៏ទើបតែយល់ថាការមានទំនុកចិត្តលើខ្លួនឯង និង មានសុខភាពល្អ គឺជាអ្វីដែលស្រស់ស្អាត និង សំខាន់បំផុត។ នាងក៏សង្ឃឹមថាអ្នកគ្រប់គ្នានឹងមិនលង់ជឿស្តង់ដារភាពស្រស់ស្អាត ដែលគេនាំគ្នាល្បីតាមបណ្តាញសង្គម កុំដាក់សម្ពាធខ្លួនឯង ដើម្បីតែការយល់ឃើញរបស់អ្នកដទៃអី៕